តោះ! មកស្គាល់ពីប្រព័ន្ធប្រកាសឱ្យដឹងមុនលេខកូដ ១២៩៤ ប្រើប្រាស់ក្នុងគោលបំណងអ្វី?

ចែករំលែក៖

ខេត្តកោះកុង​៖​​ បេី​តាមការបញ្ជាក់ពី​លោក​ អ៊ុក​ ភ័ក្ត្រា​ ប្រធានលេខាធិការដ្ឋាន​នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅរសៀល​ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ​ថា៖​ លោកបានចូលជាអធិបតីក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយ​ ស្តី​ពី​ប្រព័ន្ធ​ប្រកាសឱ្យដឹងមុន​ ១២៩៤​ នៅស្រុកស្រែអំបិល​។

លោក​ អ៊ុក​ ភ័ក្ត្រា​ បានថ្លែង​បន្តថា​ លេខកូដ ១២៩៤​ ជាលេខកូដគ្រោះមហន្តរាយ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលផ្តល់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយអង្គការភីន ជួយគាំទ្របច្ចេកទេស និងដាក់ឱ្យប្រើប្រាស់សម្រាប់ខេត្តនីមួយៗ។ មកដល់ពេលបច្ចុប្បន្ននេះ ខេត្តកោះកុង បានអនុវត្តប្រើប្រាស់ដោយជោគជ័យ ដែលមានអ្នកចុះឈ្មោះប្រើប្រាស់រហូតដល់ជិត ពីរពាន់នាក់។ ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ប្រើប្រាស់ក្នុងគោលបំណង ដើម្បីបង្កើនឱកាសដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសហគមន៍មូលដ្ឋាន កាត់បន្ថយបាននូវគ្រោះភ័យ នៃគ្រោះមហន្តរាយនាពេលខាងមុខតាមរយៈលេខកូដ១២៩៤ ដែលបានចុះឈ្មោះ និងផ្ញើសារចូលជាសំឡេងតាមទូរស័ព្ទដៃ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ក្នុងការត្រៀមបង្ការ ការការពារ និងការជម្លៀសបានទាន់ពេលវេលាទាំងមុនពេលមិនទាន់មានគ្រោះមហន្តរាយ ទាំងក្នុងពេលមានគ្រោះមហន្តរាយ និងក្រោយពេលមានគ្រោះមហន្តរាយ។

ដូច្នេះកិច្ចប្រជុំនាថ្ងៃនេះ ពិតជារួមចំណែក យ៉ាងធំធេង ក្នុងការលើកកម្ពស់នៃការយល់ដឹងស្តីពីការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្តរាយ តាមរយៈយន្តការនានា ជាពិសេសប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ នេះ។

ឆ្លៀតក្នុងឱកាសនោះ​ ក្នុងនាមតំណាងឱ្យលោកស្រីអភិបាលខេត្ត លោក​ អ៊ុក​ ភ័ក្ត្រា​ បានអំពាវនាវដល់លោក លោកស្រី មន្រ្តីរាជការ និងតួអង្គពាក់ព័ន្ធទាំងអស់ គប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ចលើការងារគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយទាំងអស់ ឱ្យថយចុះក្នុងកម្រិតអប្បបរមា ទោះបីគ្រោះមហន្តរាយបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី ហើយត្រូវចាត់ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងាររបស់យើងទាំងអស់គ្នា។ ដូច្នេះត្រូវគិតគូដល់ការអភិវឌ្ឍន៍ ដែលមាននិរន្តរភាព ការពង្រឹងសមត្ថភាព ទាំងផ្នែករូបវ័ន្ត និងអរូបវ័ន្ត ការអភិវឌ្ឍន៍ធនធានមនុស្ស ការគោរពច្បាប់ ការគោរពស្រឡាញ់ និងចេះយោគយល់អធ្យាស្រ័យគ្នា និងការចេះជួយចែករំលែកគ្នាដល់អ្នករងគ្រោះជាដើម៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print