អគ្គនាយកដ្ឋាន ក.ប.ប. ស្នើសុំឱ្យគណៈកម្មាធិការប្រកួតប្រជែងប្រទេសឥណ្ឌូនេស៊ី ពិនិត្យនូវលទ្ធភាពបន្តការចែករំលែកបទពិសោធន៍ និងបណ្ដុះបណ្ដាលផ្សេងទៀត

ចែករំលែក៖

ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ផាន អូន​ នៅព្រឹកថ្ងៃទី០៦  ខែធ្នូ  ឆ្នាំ២០២១នេះ​ បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ក្រោមប្រធានបទ «បរិបទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេស» តាមប្រព័ន្ធអនឡាញ ZOOM។ នេះបេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»។ 

វគ្គបណ្តុះបណ្តាលខាងលើ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន ក.ប.ប. និងគណៈកម្មាធិការប្រកួតប្រជែងប្រទេសឥណ្ឌូនេស៊ី (ICC) ដែលនឹងដើរតួយ៉ាងសំខាន់សម្រាប់ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការទទួលបានធាតុចូលបន្ថែមសម្រាប់តាក់តែងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី «ការរួមបញ្ចូលគ្នានៃធុរកិច្ច»។

ថ្លែងក្នុងមតិបិទវគ្គបណ្តុះបណ្តាល លោក​ ផាន​ អូន​ ប្រតិភូរាជរដ្ឋាភិបាល បានថ្លែងអំណរគុណដល់គណៈកម្មាធិការប្រកួតប្រជែងប្រទេសឥណ្ឌូនេស៊ី(ICC) ដែលបានធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗ ចំនួន៣ រួមមាន៖ (១)-ក្របខណ្ឌច្បាប់និងការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេសឥណ្ឌូនេស៊ី (២)-ការជូនដំណឹងអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និង(៣)-ការចេញសេចក្តីសម្រេច ការហាមឃាត់ និងការពិន័យលើការរួមបញ្ចូលគ្នានៃធុរកិច្ច។

បន្ថែមពីនេះ​ លោកប្រតិភូរាជរដ្ឋាភិបាល បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងទទួលបាននូវធាតុចូលសំខាន់ៗមួយចំនួន ដើម្បីដាក់បញ្ចូលបន្ថែមនៅក្នុងការតាក់តែងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី «លក្ខខណ្ឌនិងនីតិវិធីនៃការរួមបញ្ចូលគ្នានៃធុរកិច្ច» របស់ខ្លួនដែលកំពុងរៀបចំនាពេលបច្ចុប្បន្នឱ្យកាន់តែមានសង្គតិភាព និងសមស្របក្នុងបរិបទកម្ពុជា បរិបទតំបន់ និងបរិបទអន្តរជាតិ។

ជាទីបញ្ចប់ លោក​ប្រតិភូរាជរដ្ឋាភិបាល បានស្នើសុំឱ្យគណៈកម្មាធិការប្រកួតប្រជែងប្រទេសឥណ្ឌូនេស៊ី  ពិនិត្យនូវលទ្ធភាពបន្តនូវការចែករំលែកបទពិសោធន៍ ក៏ដូចជាបន្តការបណ្ដុះបណ្ដាលផ្សេងទៀតជូនដល់អគ្គនាយកដ្ឋាន ក.ប.ប. និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលនឹងលេចរូបរាងនាពេលដ៏ខ្លីខាងមុខ៕

              

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print