លោកស្រី អោងសាន ស៊ូជី ទីប្រឹក្សារដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំពីបទញុះញង់ប្រឆាំងយោធា និងបំពានច្បាប់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ លោកស្រីអោងសាន ស៊ូជីត្រូវបានរដ្ឋាភិបាលយោធាផ្តួលរំលំហើយបានចាប់ខ្លួន ។ នៅថ្ងៃទី៦ខែធ្នូនេះ តុលាការក្នុងរដ្ឋធានីណៃពិដោ នៃសហភាពមីយ៉ាន់ម៉ា បានចេញសាលក្រមហើយ ដោយក្នុងនោះបានសម្រេចកាត់ក្តីឱ្យលោកស្រី អោងសាន ស៊ូ ជី ដែលបច្ចុប្បន្នមានអាយុ៧៦ឆ្នាំទៅហើយនោះ «ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ» ពាក់ព័ន្ធនឹងបទល្មើសទៅលើ វិធានការទប់ស្កាត់ជំងឺ COVID-19។ នេះត្រឹមតែជាការសម្រេចទោសទណ្ឌមួយករណីក្នុងចំណោមបទចោទប្រកាន់ទាំង១១ករណី ទៅលើរូបលោកស្រី អោងសាន ស៊ូ ជី ប៉ុណ្ណោះ។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន New York Times កាលពីចុងសប្តាហ៍នេះថា ប្រសិនបើលោកស្រី ស៊ូជី ត្រូវបានតុលាការស្ថិតក្នុងរបបយោធាមីយ៉ាន់ម៉ាសម្រេចផ្តន្ទាទោសទៅតាមការចោទកាន់ទាំងអស់មែននោះ លោកស្រីនឹងអាចជាប់ពន្ធនាគារយ៉ាងហោចណាស់ក៏១០២ឆ្នាំដែរ ហើយវាក៏នឹងមានន័យថា ជីវិតនយោបាយរបស់លោកស្រីត្រូវបញ្ចប់ផងដែរ។ នេះជាសាលក្រមផ្តន្ទាទោសលើកដំបូងហើយ គិតចាប់តាំងពីលោកស្រី អោងសាន ស៊ូជី ត្រូវបានចាប់ឃុំខ្លួនក្រោយរដ្ឋប្រហារផ្ទុះឡើង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ការសម្រេចក្តីត្រូវបានធ្វើឡើងនៅរដ្ឋធានីណៃពិដោ ដោយមិនមានការអនុញ្ញាតឲ្យសារព័ត៌មានទាំងជាតិនិងអន្តរជាតិចូលទៅយកព័ត៌មាននោះឡើយ។ បន្ថែមពីនេះ មេធាវីទាំងអស់របស់លោកស្រី ស៊ូ ជី ក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើការឆ្លើយឆ្លងណាមួយជាមួយក្រុមអ្នកសារព័ត៌មាននោះដែរ ដោយស្ថិតក្នុងហេតុផលនៃការរក្សាសន្តិសុខជាតិ៕ ដោយសាធី
រូបថត៖AFP.