លោកបណ្ឌិត អុិត សំហេង អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូរបស់ក្រសួង អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងសោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣:៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ លោកបណ្ឌិត អ៉ិត សំហេង និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមព្រះបរមរាជានុញ្ញាតចូលរួមរំលែកនូវព្រះមរណទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ជាព្រះជាយា និងព្រះរាជ បុត្រា បុត្រី ព្រមទាំងព្រះញាតិវង្សានុវង្ស ដោយក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាអនេកប្បការ ចំពោះការបាត់បង់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលនេះគឺជាការបាត់បង់ព្រះស្វាមីប្រកបដោយសង្គហធម៌ និងជាព្រះបិតាប្រកបដោយព្រះព្រហ្មវិហារធម៌ និងព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ឆ្នើមមួយព្រះអង្គដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មព្រះអង្គ ដើម្បីថែរក្សា ជាតិ សាសនា ព្រះមហាក្សត្រ។

លោកបណ្ឌិត អ៉ិត សំហេង និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមទ្រង់យាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ជូនផងដែរថា សពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដង្ហែតាមព្រះទីនាំងរថយន្ត ឆ្ពោះទៅកាន់ព្រះដំណាក់ព្រះអង្គ ស្ថិតនៅលើផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យតាមព្រះរាជវេណី។

សម្តេចក្រុមព្រះ ទ្រង់ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤។ ជាបុត្រារបស់សម្តេច នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាថការីក្នុងព្រះបរមរាជវាំង។ សម្តេចក្រុមព្រះ មានព្រះរាជបុត្រា ព្រះរាជបុត្រី ៥ព្រះអង្គរួមមាន៖ អ្នកអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ, អ្នកអង្គម្ចាស់ នរោត្តម សីហឫទ្ធ, អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី, អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និងអ្នកអង្គម្ចាស់ នរោត្តម រណាវង្ស។

សម្តេចក្រុមព្រះ ទ្រង់បានយាងបំពេញព្រះរាជតួនាទីជានាយករដ្ឋមន្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានយាងបំពេញព្រះរាជតួនាទីជាព្រះប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print