ភ្នំពេញ : នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា, ខ្ញុំរីករាយណាស់ដែល លោក វុនណា ម៉ោងលីន បានធ្វើដំណើរមកកម្ពុជា។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា, កិច្ចសន្ទនាត្រង់ទៅត្រង់មក គឺជាមូលដ្ឋានគ្រឹះនៃការងារការទូត ហើយថ្ងៃនេះយើងមានឱកាសបានជួបពិភាក្សាគ្នាផ្ទាល់តែម្តង។ ទស្សនកិច្ចនេះ នឹងពង្រឹងទំនាក់ទំនងទ្វេភាគី កសាងទំនុកចិត្ត និងការយោគយល់ គ្នាទៅវិញទៅមក ព្រមទាំងជួយយើងត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា, ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ខ្ញុំបានពិភាក្សាការងារមួយចំនួនជាមួយ លោក វុនណា និងជម្រាបជូន លោកថាកម្ពុជានឹងប្រឹងឱ្យអស់ពីសមត្ថភាពក្នុងការប្រកាន់ខ្ជាប់នូវចំណុចស្នូលនៃមូលបទរបស់អាស៊ាន ស្តីពីការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ កម្ពុជា និងប្រទេសសមាជិកអាស៊ានទាំងអស់នឹងខិតខំជួយរកដំណោះស្រាយឈ្នះ-ឈ្នះសម្រាប់មីយ៉ាន់ម៉ាប្រកបដោយប្រសិទ្ធភាព។ យើងសង្ឃឹមថាទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីទៅមីយ៉ាន់ម៉ានៅខែមករាខាងមុខនេះនឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា៕
ដោយ : សុខ ខេមរា