ខេត្តស្វាយរៀង: ស្ត្រីម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសធ្ងន់-ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារវាងម៉ូតូបើកទៅបុកអ្នកថ្មើរជើងហើយខ្ទាតចូលក្រោមរថយន្ត និងករណីមួយទៀតម៉ូតូបុកគោយន្តកន្ត្រៃនៅក្នុងស្រុកស្វាយជ្រំនិងស្រុករំដួល។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លេាះគីឡូម៉ែត្រលេខ១១២និង១១៣ ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកនិងអ្នកបើកមិនស្គាល់អត្តសញ្ញាណធ្វើដំណើរពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុខាងលើក៏បានបើទៅបុកស្ត្រីម្នាក់មិនស្គាល់ឈ្មោះខណៈកំពុងដើរស្របទិសគ្នាពីក្រោយបណ្ដាលឱ្យដួលនៅលើថ្នល់ហើយក៏មានរថយន្ដមួយគ្រឿងទៀតមិនស្គាល់ម៉ាកបានបុកអូសបន្តទៀតបណ្ដាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងក៏ស្លាប់តែម្ដង។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារ អ្នកថ្មើរជើងដើរលើថ្នល់ជិតគំនូសលឿង(កណ្តាលថ្នល់)មិនប្រកាន់ស្តាំ។
ករណីទី២បានកើតឡើងកាលពីវេលា
ម៉ោង៧ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលើផ្លូវប្រឡាយ ស្ថិតក្នុងភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល
មានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1J-9144 បើកបរដោយឈ្មោះ រ័ត្ន សុភា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅ ភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀងដោយប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្ដាំ ក្នុងទិសដៅបញ្ច្រាសគ្នាពីកើតទៅលិចក៏ជ្រុលទៅបុកគោយន្តកន្ត្រៃបើកបរដោយឈ្មោះ អ៉ឹម សារុន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅ ភូមិអណ្ដូងក្រសាំង ឃុំពងទឹក ស្រុករំដួល យ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុអ្នករងរបួសបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកសមត្ថកិច្ចធ្វើការវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងទៅរក្សាទុកនៅនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដើម្បីបន្តនីតិវិធី៕
ដោយ៖ យឹម សុថាន