ខេត្តបន្ទាយមានជ័យ៖ ពលករចំនួន ១២នាក់ ដែលកំពុងធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេកំពុងលួចឆ្លងដែនទៅប្រទេសថៃ ត្រង់ចំនុចភូមិសាស្ត្រ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
ក្រោមបញ្ជាផ្ទាល់របស់ វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ កងពល លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង ថៃ្ងទី៨ ខែធ្នូ ឆ្នាំ២០២១ ខណៈ វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ កំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួប ពលករឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង ។
ជារឿយៗនៅចំណុចខាងលើសមត្ថកិច្ចចម្រុះតែងតែឃាត់ខ្លួនពលករលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ។ ក្រៅពី នោះក៏មានពលករខ្មែរខ្លះជឿតាមមេខ្យល់លួចឆ្លងដែនចូលដល់ប្រទេសថៃហើយត្រូវសមត្ថកិច្ចថៃចាប់ប្រគល់ឲ្យសមត្ថកិច្ចកម្ពុជានៅតាមបន្ទាត់ព្រំដែនក៏មាន។ អាជ្ញាធរមានសមត្ថកិច្ចភាគីកម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋពលករឈប់ចាញ់បោកមេខ្យល់ក្នុងការលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ។ ផ្ទុយទៅ វិញត្រូវទាក់ទងសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនដើម្បីស្វែងរកភាពស្របច្បាប់ដើម្បីចូលទៅធ្វើការនៅប្រទេសថៃ។
សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនបានហើយលោកមេបញ្ជាការក៏បាននែនាំកុំអោយបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែនដោយយកលុយពីពលករផងដែរ ៕
ដោយ៖ សូរិយា