នៅយប់ថ្ងៃទី៩ ខែធ្នូក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ១៥.៣១១នាក់ នៅខេត្តក្រុងចំនួន៣១ទូទាំងប្រទេស។ ដោយឡែកនៅរដ្ឋធានីហាណូយមានករណីឆ្លងកើនឡើងទ្វេដង ពី៤២៦នាក់នៅថ្ងៃទី៨ ខែធ្នូបានកើនឡើងដល់ទៅ៨២២នាក់នៅថ្ងៃទី៩ ខែធ្នូនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន១១ករណីជាករណីនាំចូល ក្រៅពីនេះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលដាលជំងឺនេះបានរ៉ាប់រងចំនួន១,៤៥៣ករណី។ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ-១៩ ចំនួន២៥៦នាក់បន្ថែមទៀតផងដែរ។ គិតត្រឹមយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៣៦៧,៤៣៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,០៥០,៩៧៩នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៧,១៨៦នាក់។ រីឯការចាក់វ៉ាក់សាំងវិញ នៅថ្ងៃទី ៨ខែធ្នូវៀតណាមចាក់វ៉ាក់សាំងបានជាង ៦៦២ពាន់ដូស សរុបមានវ៉ាក់សាំងជាង១២៩,៩លានដូសហើយបានចាក់ជូនពលរដ្ឋ ក្នុងនោះ មានពលរដ្ឋជាង៧៤លាននាក់បានចាក់ដូសទីមួយ និងជាង ៥៥,៩លាននាក់បានចាក់គ្រប់ចំនួនពីរដូស៕ ដោយសាធី
រូបថត៖TTXVN-VNA.