លោក John Edmunds សាស្ត្រាចារ្យមកពីមហាវិទ្យាល័យសុខាភិបាលទីក្រុងឡុងដុង បានបញ្ជាក់ថា ការឆ្លងរាលដាលកូវីដ-១៩ បំបែ្លងថ្មីអូមីក្រុង នៅក្នុងប្រទេសអង់គ្លេសគឺលឿនជាងអាហ្វ្រិកខាងត្បូងទៅទៀត។ លោកបន្តទៀតថា ការឆ្លងរាលដាលនៅអង់គ្លេសគឺពិតជារឿងគួរប្រកាសអាសន្ន ព្រោះមានអ្នកឆ្លងកើនឡើងដល់ទៅជាង៦៤ពាន់នាក់ក្នុងមួយថ្ងៃ។ ជាមួយគ្នានេះ វីរុសដែលតាក៏កំពុងតែឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសអង់គ្លេសផងដែរ។ ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្ត្រនៃទីភ្នាក់ងារសុខាភិបាលអង់គ្លេសបានរកឃើញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 «ដូសជំរុញ» អាចការពារអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) មិនឲ្យធ្លាក់ខ្លួនឈឺក្នុងកម្រិតស្រាលបានចាប់ពី ៧០% ទៅ ៧៥%។ ការរកឃើញខាងលើនេះ គឺជាលើកដំបូងហើយសម្រាប់លទ្ធផល ដែលទទួលបានមកពីការស្រាវជ្រាវនៅខាងក្រៅមន្ទីរពិសោធន៍ ខណៈវាបានបង្ហាញថា ប្រព័ន្ធភាពសុំារបស់មនុស្ស សម្រាប់ទប់ទល់ការឆ្លង Omicron មានការធ្លាក់ចុះ។ ចំពោះលទ្ធផលសិក្សារបស់អន្តរជាតិកាលពីលើកមុនបានបង្ហាញថា អ្នកដែលបានចាក់វ៉ាក់សាំងរួច២ដូស អាចមានប្រព័ន្ធភាពសុំាធ្លាក់ចុះ ដែលងាយនឹងធ្លាក់ខ្លួនឈឺក្នុងកម្រិតស្រាលពេលឆ្លងមេរោគ Omicron នោះ ហើយ លទ្ធផលសិក្សាថ្មីរបស់អង់គ្លេសនេះវិញ បានបង្ហាញឱ្យឃើញថា វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ អាចជួយស្តារប្រព័ន្ធភាពសុំាឡើងវិញបាន នៅក្នុងកម្រិតសមរម្យមួយ។ ជុំវិញបញ្ហានេះ វេជ្ជបណ្ឌិត ម៉ារី រ៉ាមសេយ (Mary Ramsay) ប្រធានដឹកនាំការស្រាវជ្រាវរបស់អង់គ្លេសខាងលើនេះ បានលើកឡើងថា «ការគណនាថ្មីចុងក្រោយនេះ គួរតែក្លាយជាការជំរុញឱ្យមានភាពប្រុងប្រយ័ត្ន ព្រោះការចាក់ដូសជំរុញអាចធ្វើទៅបាន នៅក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីការចាក់ដូសទី២។ ហេតុដូច្នេះ វានឹងក្លាយជាចន្លោះពេលដ៏មានហានិភ័យ ដែលយើងអាចនឹងងាយឆ្លងវីរុស Omicron ជាងវីរុស Delta ទៅទៀត»។ បើតាមអាជ្ញាធរសុខាភិបាលរបស់អង់គ្លេស ហានិភ័យអាចនឹងត្រូវកាត់បន្ថយនៅក្រោយការចាក់វ៉ាក់សាំងដូសជំរុញ, ហេតុដូច្នេះ អាជ្ញាធរអង់គ្លេសបានជំរុញឱ្យពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការទទួលយកវ៉ាក់សាំងដូសជំរុញនោះ ប្រញាប់រួសរាន់ទៅទទួលការចាក់នៅតាមទីតាំងដែលបានកំណត់៕ ដោយសាធី
ប្រភពរូប៖Twitter.