ក្មេងទំនើងមួយក្រុមដេញកាប់ប្លន់យកស្លាកលេខម៉ូតូនិចមួយគ្រឿងមិនបានសម្រេចបណ្ដាលឱ្យយុវជនពីរនាក់រងរបួសស្រាលនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងទំនើងមួយក្រុមមានគ្នាជិត២០នាក់ជិះម៉ូតូជិត១០គ្រឿងបានដេញវាយយុវជនពីរនាក់បណ្ដាលឱ្យជនរងគ្រោះភ័យស្លន់ស្លោ ក៏ផ្តួលម៉ូតូចោលរត់ឱ្យគេជួយ ហើយក្រុមក្មេងទំនើងបានកាច់យកស្លាកលេខម៉ូតូ តែមិនបានសម្រេច បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខការាសសាំងសូគីម៉ិច តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យុវជនរងគ្រោះទី១មានឈ្មោះ សៀង ឌី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅជិតស្ពានអាកាសចោមចៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
យុវជនរងគ្រោះទី២មានឈ្មោះ ទូច កុសល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡំប្រឺតានៅក្រុងព្រះសីហនុ។

តាមការរៀបរាប់ពីយុវជនរងគ្រោះបាន ប្រាប់ឱ្យដឹងថា មុនកើតហេតុរូបគេជិះម៉ូតូនិចមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FV-5820ទើបនឹងចេញមកពីលេងបាល់ ក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅម្ដុំស្ពានអាកាសចោមចៅ ដោយធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខក្មេងទំនើងមួយក្រុមជិះម៉ូតូជិត១០គ្រឿងប្រដាប់ដោយខ្សែក្រវាត់ដំបង និងដាវបានជិះដេញវាយរូបគេ ធ្វើឱ្យរូបគេភ័យស្លន់ស្លោក៏ផ្តួលម៉ូតូរត់យករួចខ្លួនហើយស្រែកឱ្យគេជួយ។ ភ្លាមនោះក្រុមក្មេងទំនើងបានកាច់ស្លាកលេខម៉ូតូរបស់ខ្លួនតែមិនបានសម្រេចទើបបង្កឱ្យមានការភ្ញាក់ផ្អើល រួចក្រុមក្មេងទំនើងទាំងនោះបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ហើយនាំយុវជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print