ក្រុមតាលីបង់នឹងប្រឹក្សាជាមួយក្រុមអ្នកជំនាញពីសាសនាអ៊ិស្លាម ស្តីពីស្ត្រីអាចចូលរួមជាមួយរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ក្រោយពេលដែលបានចេញច្បាប់ផ្តល់សិទ្ធិដល់ស្ត្រី កាលពីដើមខែធ្នូកន្លងមក។ តាមសារព័ត៌មាន Sputniknews បានផ្សាយថា អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabiullah Mujahid នៅថ្ងៃទី១២ខែធ្នូ បានប្រកាសថា ក្រុមតាលីបង់នឹងប្រឹក្សាជាមួយអ្នកជំនាញស្តីពីសាសនាអ៊ិស្លាម ពាក់ព័ន្ធនឹងសិទ្ធិរបស់ស្ត្រី ដើម្បីអនុញ្ញាតឱ្យស្ត្រីអាចចូលរួមជាមួយរដ្ឋាភិបាលបាន។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមសកម្មជនស្តីពីសិទ្ធិមនុស្សនៅអាហ្វហ្គានីស្ថាន ពិសេសគឺក្រុមដែលបានតស៊ូដើម្បីសិទ្ធិរបស់ស្ត្រី បានលើកឡើងថា ស្ត្រីដែលជាអ្នកយល់ដឹងពីសាសនា ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សានោះដែរ ដោយសារតែសកម្មភាពទាំងនោះ នឹងជះឥទ្ធិពលអាក្រក់ដល់សិទ្ធិធ្វើការ ការអបរំ នយោបាយរបស់ស្ត្រី។ កាលពីដើមខែធ្នូ ក្រុមតាលីបង់បានចេញច្បាប់ស្តីពីការផ្តល់សិទ្ធិដល់ស្ត្រី ដោយទទួលស្គាល់ថា ស្ត្រីមិនមែនជាទ្រព្យសម្បត្តិ ហើយស្ត្រីមានសិទ្ធិរៀបការជាមួយអ្នកដែលខ្លួនស្រឡាញ់ មិនមានការបង្ខិតបង្ខំនោះឡើយ។ នេះជាសកម្មភាពយ៉ាងល្អប្រសើរមួយរបស់ក្រុមតាលីបង់ដែលកំពុងដឹកនាំប្រទេសអាហ្វហ្គានីស្ថាន ។ សកម្មភាពខាងលើកើតឡើងក្រោយពេលអង្គការអន្តរជាតិ ពិសេសគឺធនាគារពិភពលោក បានសម្រេចបើកប្រាក់រាប់រយលានដុល្លារសម្រាប់ដោះស្រាយស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕ ដោយសាធី
រូបថត៖AFP/VNA