ខេត្តស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ដើម្បីកែលម្អរជួសជុលផ្លូវមួយខ្សែរដើម្បីសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋទូទៅ និង ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
ក្នុងឪកាសនោះ ក៏មានការចូលរួមពីសំណាក់ លោកសរសុដានីអភិបាលរងក្រុងស្វាយរៀង លោកនួនលីហួន ប្រធានមន្ទីសាធារណ:ការនិងដឹកជញ្ជូនខេត្ត លោកចៅសង្កាត់ស្វាយរៀងនិងសមត្ថកិច្ចដែលពាក់ពន្ធ័ជាច្រើននាក់ផងដែរ។
លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីការអភិវឌ្ឍនៅតាមទីប្រជុំជន តែងតែមានការប៉ះពាល់ ដោយជៀសមិនផុតនោះទេ ដូច្នេះហើយ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការយោគយល់ចំពោះអាជ្ញាធរ ដោយហេតុថា នាពេលបច្ចុប្បន្ននេះប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហេតុដូច្នេះហើយ ដើម្បីឲ្យទីប្រជុំជន មានសោភ័ណភាពស្រស់បំព្រង រាល់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវតែមានការកែលម្អ ដោយមិនអាចខ្វះបាននោះដែរ។
លោក ហែម ពិសិដ្ឋ បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា រាល់ការសាងសង់សំណង់រឹងត្រូវតែសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ ហើយចំពោះសំណង់ធម្មតាក៏ត្រូវតែមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរដើម្បីងាយស្រួលទៅថ្ងៃខាងមុខ ប្រសិនបើរដ្ឋត្រូវការរុះរើសំណង់ទាំងនោះជៀសវាងការខូចខាត ជាយថាហេតុនាំឲ្យបងប្អូនប្រជាពលរដ្ឋយើងខាតបង់នូវថវិកា ខាតទាំងពេលវេលា និងខូចទាំងសំណង់ទាំងនោះថែមទៀតផង។
លោកអភិបាលរងខេត្ត ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ដើម្បី កុំឲ្យមានជំងឺដង្កាត់ផ្សេងៗ ជាពិសេស គឺជំងឺកូវីដ១៩ នេះតែម្តង ដោយត្រូវចូលរួម អនុវត្ត វិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ គឺ ៣ការពារ ៣កុំ និង២ចូលរួម។
សូមបញ្ជាក់ផងដែរថា នាពេលឆាប់ៗខាងមុខនេះ ភូមិចុងព្រែកសង្កាត់ស្វាយរៀង រដ្ឋបាលខេត្តនឹងធ្វើការស្ថាបនាផ្លូវក្រាលបេតុងអាមេមួយខ្សែ មានប្រវែងជាង៨០០ម៉ែត្រ ដោយផ្លូវមួយខ្សែនោះ គិតទាំងតួផ្លូវ និងចំណីផ្លូវមានទទឹងសរុប២០ម៉ែត្រ ៕
ដោយ៖ យឹម សុថាន