ខេត្តស្វាយរៀង: បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញលង់ទឹកស្រះស្លាប់ បង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យសព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ
នួន វាសនា អាយុ៤០ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើបានផឹកស្រាស្រវឹងហើយក៏បានដើរទៅស្រះទឹកដើម្បីដាក់មងយកត្រីទុកធ្វើម្ហូប ដោយមានអាការៈដើរទ្រេតទ្រោត។
ប្រភពបន្តថា ក្រោយមកក៏មានការភ្ញាក់ផ្អើលថាបុរសរូបនេះលង់ទឹកស្រះស្លាប់ទើបរាយការណ៍ទៅសមត្ថកិច្ចឱ្យមកពិនិត្យសព។
បន្ទាប់ពីពិនិត្យសពរួច សមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានសន្និដ្ឋានថា បុរសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនខណ:មិនមានស្លាកស្នាមជារឿងឃាតកម្មនោះទេ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន