ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលទេីបតែចេញពីពន្ធនាគារមិនរាងចាលក៏បន្តធ្វេីសកម្មភាពលួចម៉ូតូអ្នកជួលបន្ទប់ជិតគ្នាបានសម្រេច រួចបន្តយកទៅឱ្យដៃគូកាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅបន្ទប់ជួលក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លុះព្រឹកថ្ងៃទី១៥ ខែឆ្នាំដដែលត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជាបន្តបន្ទាប់។
ជនសង្ស័យដែលធ្វេីសកម្មភាពលួចទី១មានឈ្មោះលីចាន់ សុខថា ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ក្នុងជួលភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និង ទី២ជាអ្នកទទួលយកទៅលក់ឈ្មោះភួង សារ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះកយ ចាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិអង្គសង្គាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលជនសង្ស័យលួចយកទៅលក់នោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1I-3797 ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុនៅវេលាម៉ោង៣និង៤០នាទី រូបគាត់បានទុកម៉ូតូខាងមុខបន្ទប់ដោយភ្លេចដកសោចេញហេីយចូលសម្រាកខាងក្នុងបន្ទប់ លុះមកដល់វេលាកេីតហេតុស្រាប់តែឮសំឡេងបញ្ឆេះម៉ូតូជិះចេញទៅ។ភ្លាមនោះរូបគាត់បានស្ទុះបេីកទ្វារតែត្រូវជនសង្ស័យយកមេសោចាក់ខ្ទាស់ខាងក្រៅបាត់ទៅហេីយ។
ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដេីម្បីសុំកិច្ចអន្តរាគមន៍។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងក៏បានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន ហើយនៅព្រឹកថ្ងៃទី១៥ ខែឆ្នាំដដែលក៏ចុះទៅធ្វេីការដល់បន្ទប់ជួលតែម្តង និងបន្តទៅចាប់បក្ខពួកម្នាក់ទៀត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន ហេីយយកទៅលក់បានលុយ៧០ម៉ឺនរៀល ចែកគ្នាស្មេី។ រូបគេធ្លាប់ជាប់ពន្ធនាគាររយៈពេល៨ខែ ពីបទប្រេីប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការបន្ត៕
ដោយ៖សុខាសែនជ័យ