ភ្នំពេញ : សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ ព្រមទាំងព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារអាមេរិក និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១នេះ។
សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
បពិត សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ខ្ញុំម្ចាស់ មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជសារប្រទានពរជ័យ ដែលមានអត្ថន័យ ជ្រាលជ្រៅ និងព្រះរាជទ្រព្យ 20.000 USD ( ម្ភៃពាន់ដុល្លារសហរដ្ឋអាមេរិក ) ព្រមទាំងផ្កាស្រស់ល្អ ១កន្ត្រក ដែលជាព្រះរាជទានដ៏ថ្លៃថ្លាអំពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ ក្នុងឱកាសទិវាខួបកំណើត របស់ ខ្ញុំម្ចាស់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។
ខ្ញុំម្ចាស់ សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើនេះ ហើយដែលខ្ញុំម្ចាស់ នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ជីកអណ្ដូងទឹកស្អាត ជូនប្រជារាស្ត្រក្រីក្រ តាមជនបទក្នុងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំម្ចាស់ ចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ សម្ដេចព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោសព្រះរាជទាន ដល់ខ្ញុំម្ចាស់ និងក្រុមគ្រួសារ ជាការលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ដើម្បីខិតខំបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
ខ្ញុំម្ចាស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវរ រាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ជាម្លប់ដ៏ ត្រជាក់ សម្រាប់ប្រជារាស្ត្រគ្រប់ៗរូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តរៀងទៅ ៕