ខេត្តកំពង់ចាម÷នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ដកំពង់ចាម អញ្ញើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១ ឆ្នាំ២០២០ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ។
មានប្រសាសន៍នាឱកាសនោះលោក អ៊ុន ចាន់ដា ថ្លែងថា÷ ប្រធានបទ”ជីវិត និងនិរន្តរភាពទន្លេមេគង្គ” គឺមានន័យទូលំទូលាយណាស់ចំពោះអ្នកនិពន្ធគ្រប់រូបដែលបង្ហូរសំណេរ ពិសេសបេក្ខជនដែលត្រូវចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គឆ្នាំក្រោយៗបន្តទៀត ។ អ្នកនិពន្ធគ្រប់រូបត្រូវចងចាំថា អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងនូវតថភាពសង្គម ហើយអ្នកបង្កើតស្នាដៃគឺជាសាក្សីរបស់សង្គម” អក្សរសិល្ប៍ទន្លេមេគង្គអ្នកនិពន្ធដែលរស់នៅតាមបណ្ដោយទន្លេនេះជាអ្នកចងក្រងបង្កើតឡើង នេះគឺជាតថភាព ។
លោកអភិបាលខេត្តកំពង់ចាម ក៏បានថ្លែងការកោតសរសើរចំពោះសមាគមអ្នកនិពន្ធខ្មែរ ដែលនៅតែអាចបន្តទំនាក់ទំនងល្អជាមួយនិងសមាគមអ្នកនិពន្ធអន្តរជាតិ ជាពិសេសអ្នកនិពន្ធនៅតាមដងទន្លេមេគង្គ ដោយផ្ដល់ឱកាសឲ្យអ្នកនិពន្ធបានសិក្សាផ្លាស់ប្ដូរបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងពង្រឹងពង្រីកឲ្យកាន់តែល្អថែមទៀតនូវចំណងមិត្តភាពសាមគ្គីភាព និងវប្បធម៌ចែករំលែក។ សមិទ្ធផលថ្ងៃនេះគឺជាជោគជ័យថ្មីមួយទៀតយ៉ាងត្រចះត្រចង់របស់សមាគមអ្នកនិពន្ធខ្មែរ ៕
ដោយ៖ សូរិយា