រដ្ឋបាលរាជធានីភ្នំពេញ ៖ តម្លើងម៉ូទ័របូមទឹកខ្នាតធំ៣គ្រឿងនៅស្ថានីយ៍បូមទឹកបឹងទំពុនមានសមត្ថភាពបូមទឹកបាន ១២ម៉ែត្រគូបក្នុង១ វិនាទីនឹងរួចរាល់នៅខែមិនាឆ្នាំ២០២២ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖  ក្រុមការងារ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន និងកំពុងធ្វើសកម្មភាពតម្លើងម៉ូទ័របូមទឹកខ្នាតធំដែលមានអង្កត់ផ្ចឹតទំហំ ១.៥ម៉ែត្រចំនួន ១គ្រឿង និងខ្នាតទំហំអង្កត់ផ្ចឹត ១.២ម៉ែត្រចំនួន ២គ្រឿងនៅស្ថានីយ៍បូមទឹកបឹងទំពុន ។

   ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោកសាំ ពិសិដ្ឋ បានបញ្ជាក់ ឲ្យដឹង នៅរសៀលថ្ងៃទី១៥ ខែធ្នូ ២០២១នេះថា៖ ម៉ូទ័របូមទឹកទាំង ៣គ្រឿងនេះមានសមត្ថភាពបូមទឹក ៤២.០០០ម៉ែត្រគូបក្នុង១ម៉ោង ឬស្មើនឹង ១២ម៉ែត្រគូបក្នុង១វិនាទី ដែលជាគម្រោងសាងសង់បន្ថែមសមត្ថភាពបូមទឹកលើស្ថានីយ៍បច្ចុប្បន្ន ធ្វើអោយសមត្ថភាពបូមទឹកថ្មីកើនរហូតដល់ ៣៣ម៉ែត្រគូបក្នុង១វិនាទី។ 

   លោកសាំ ពិសិដ្ឋ  បានបន្តថា ការតម្លើងម៉ូទ័របូមទឹកខ្នាតធំ ខាងលើនេះ យើងបានអនុវត្តតាំងពីថ្ងៃទី០៣ធ្នូឆ្នាំ២០២១មកម្ល៉េះ ពោលគឺទាំងម៉ូទ័រ ទាំងទូរបញ្ជា រួមទាំងការតភ្ជាប់បំពង់បង្ហូរទឹកក្រោមផ្លូវ៣៧១យើងបានស្ថាបនារួចរាល់។ ជារួមលទ្ធផល គិតមកដល់ពេលនេះ ក្រុមការងារសម្រេចបានប្រមាណ៧០ភាគរយ។គម្រោងនេះនឹងបញ្ចប់១០០% នៅក្នុងខែមិនាឆ្នាំ២០២២ ។

  លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា អភិបាលនៃអភិបាលរាជធានីភ្នំពេញ លោក  ឃួង ស្រេង បានយកចិត្តទុកដាក់ខ្លាំងណាស់ ជុំវិញបញ្ហាខាងលើនេះដោយលោកបានជំរុញឲ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញពន្លឿននៃការស្ថាបនាការដំឡើងម៉ូទ័របូមទឹកខ្នាតធំខាងលើនេះឱ្យបានរួចរាល់ នៅមុនរដូវវស្សាមកដល់ ដើម្បីយើងអាចបូមទឹក រំដោះការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សាឆ្នាំ២០២២ខាងមុខនេះ។

   លោក សាំ ពិសិដ្ឋ បានបន្តទៀតថា ស្ថានីយ៍នេះ នឹងក្លាយជាស្ថានីយ៍មានម៉ូទ័របូមទឹកខ្នាតធំជាងគេ និងសមត្ថភាពបូមទឹកធំជាងគេក្នុងរាជធានីភ្នំពេញ ដែលធានាកាត់បន្ថយការលិចលង់នៅតំបន់ភូមិសាស្ត្របឹង ទំពុន ស្ទឹងមានជ័យ មហាវិថីសម្តេចចៅហ្វាវាំង គង់ សំអុល (ផ្លូវលេខ ២០០៤)ស្តុបម៉ុងឌីយ៉ាល់ និងតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print