ជិះម៉ូតូឌុបប្រពន្ធនិងកូនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតកំពុងឆ្លងផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់ស្រាលទាំងសងខាងចំនួន៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធនិងកូនក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន៤នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង២៥នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១០១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូឌ្រីម សេ125មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1H- 3695 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HT-8992 បើកបរដោយបុរសម្នាក់រួមដំណើរដោយប្រពន្ធនិងកូនធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យដួលរងរបួសធ្ងន់និងស្រាលទាំងសងខាងចំនួន៤នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកចរាចរណ៍មកធ្វើការវាស់វែងនិងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំការដោះស្រាយជាបន្តនៅពេលក្រោយ៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print