ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ បានជិះម៉ូតូពីរគ្រឿងធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃ11Pro ពីស្ត្រីម្នាក់កំពុងធ្វេីដំណេីរលេីកង់បីបានសម្រេច តែត្រូវម្ចាស់កង់បីបេីកគៀឲ្យដួលចាប់បានម្នាក់ និងគេចខ្លួន៣នាក់ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅជិតសាលាប៊ែលធី សាខាផ្សារដេីមថ្កូវ តាមបណ្ដោយផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ លី ជាហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកជញ្ចូន ។
បេីតាមសម្ដីស្ត្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ រូបគាត់និងកូនស្រីបានជិះកង់បីឥណ្ឌាចេញពីម្ដុំវត្តដំបូលខ្ពស់ បំណងទៅទូរទស្សន៍CTN ខណៈធ្វេីដំណេីរដល់កន្លែងកេីតហេតុស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូពីរគ្រឿងមកឆក់ទូរស័ព្ទដៃរបស់គាត់កំពុងតែកាន់បានសម្រេច ។ ភ្លាមនោះដែរម្ចាស់កង់បីឥណ្ឌាក៏បន្ថែមល្បឿនទៅគៀរម៉ូតូមួយគ្រឿងរបស់ជនសង្ស័យជិះគ្នា២នាក់បណ្ដាលឲ្យដួល និងមានបងប្អូនប្រជាពលរដ្ឋជួយផងនោះក៏ចាប់បានម្នាក់ ឯម្នាក់ទៀតជិះជាមួយបានរត់ទៅជិះម៉ូតូរបស់បក្ខពួក២នាក់ទៀតគេចខ្លួនដោយសុវត្តិភាព ។
ក្នុងករណីខាងលេីនេះ ស្ត្រីរងគ្រោះត្រូវបានបាត់បង់ទូរស័ព្ទមួយគ្រឿងដែលបក្ខពួករត់ទៅរួចខ្លួនយកទៅបាត់ ខណៈសមត្ថកិច្ចបានដកហូតវត្ថុតាងរបស់ជនសង្ស័យបាននូវម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី២០២១ ពាក់ស្លាកលេខភ្នំពេញ 1HZ-3257 ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនជនសង្ស័យនិងវត្ថុតាងមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដេីមថ្កូវ ដេីម្បីកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការតាមនីតិវិធី ។ ដោយឡែកស្ត្រីរងគ្រោះនិងកូនស្រី ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលផ្សារដេីមថ្កូវផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ