ភ្នំពេញ: កម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ជាមុខសញ្ញាធាក់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋតាមដងផ្លូវនាពេលរាត្រី និងអ្នកទទួលផលចោរកម្មម្នាក់ទៀត។
ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលេីជាមុខសញ្ញាវាយធាក់ផ្តួលម៉ូតូពលរដ្ឋតាមផ្លូវនាពេលរាត្រី រួចក៏ប្លន់យកម៉ូតូតែម្តង។
គួរបញ្ជាក់ថា កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមជនសង្ស័យបានធ្វេីសកម្មភាពវាយប្លន់យកម៉ូតូពីប្តីប្រពន្ធពីរនាក់ ម៉ាកsuzuki និច មួយគ្រឿង ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1TZ-9210បានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព នៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិចាក់ជ្រូកសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជាប្ដីមានឈ្មោះស៊ាន តុលា អាយុ២៨ឆ្នាំ មុខរបរធ្វើចុងភៅ ស្នាក់នៅម្ដុំផ្សារព្រៃទា មានស្រុកកំណើត នៅស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកប្រពន្ធ មានឈ្មោះស្រីអូន អាយុ៣០ឆ្នាំ មុខរបរមេការនៅហាងមួយកន្លែង ស្នាក់នៅជាមួយគ្នា។
ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះរួចមក កម្លាំងសមត្ថកិច្ចក៏ធ្វេីការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់ និងអ្នកទទួលផលចោរកម្មម្នាក់ផងដែរ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់។ចំណែកបក្ខពួកដែលនៅសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕
ដោយ៖សុខាសែនជ័យ