ភ្ញាក់ផ្អើលក្រោយតារាចម្រៀង អាន់ដា ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ព្រោះតែជំងឺកៀបសសៃបេះដូង និងអាលាក់ហ្សីច្រមុះធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលសម្រាប់អ្នករួមអាជីពមុននេះក្រោយពីតារាចម្រៀង លោក សំសាន ពិសិដ្ឋ ហៅអាន់ដា ត្រូវបញ្ជូនសង្គ្រោះនៅក្នុងមន្ទីរពេទ្យមួយភ្លាមៗក្រោយពីគេដឹងថាលោកមានជំងឺធ្ងន់ធ្ងរមួយគឺជំងឺកៀបសសៃបេះដូង និងអាលាក់ហ្សីច្រមុះធ្ងន់ធ្ងរ។
លោក សំសាន ពិសិដ្ឋ ហៅអាន់ដា គឺជាតារាចម្រៀងដែលធ្លាប់មានឈ្មោះបោះសំឡេងគួរសមក្នុងចង្កោអ្នកសិល្បៈ និងពោរពេញដោយសមត្ថភាព និងអត្តចរិកសុភាពរាបសារ។ ប៉ុន្មានឆ្នាំចុងក្រោយនេះលោកតែងលេចមុខក្នុងកមុ្មវិធីប្រគំតន្ត្រីមួយចំនួន និងបានសំងំបំពេញការងារមួយចំនួននៅខេត្តសៀមរាបនិងខកខានបញ្ចេញស្នាដៃបទចម្រៀងថ្មីអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែរ។ ប៉ុន្តែមុននេះតាមរយៈការបង្ហោះសានៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងរូបនេះបានរៀបរាប់ថាលោកមានជំងឺកៀបសសៃបេះដូង និងអាលាក់ហ្សីច្រមុះធ្ងន់ធ្ងរ បានធូរមួយកំរិត ឥឡូវកំពុងបន្តព្យាបាល និងតាមដានទើបត្រូវក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់។ លោកថា”ខ្ញុំខ្លាចចិត្ត! មិនចង់រំខានបងប្អូនទេ ។ តែនេះជាទឹកចិត្តរាប់អានដ៏ស្មោះត្រង់ជ្រះថ្លារបស់បងប្អូន ខ្ញុំអរគុណខ្លាំងណាស់ ទាំងបងប្អូនជូនពរតាមឆាត ឬខមិន និងបងប្អូនដែលជួយជាថវិកាជាបន្តមកដល់ពេលនេះ។ សូមគោរពជូនពរបងប្អូនទាំងអស់គ្នាអោយមានសុខភាពល្អ និងជោគជ័យឆ្ពោះទៅមុខជានិច្ច។
បើទោះបីជាចំនួនទឹកប្រាក់ដែលត្រូវបានវេទៅកាន់តារាចម្រៀងរូបនេះមិនមានចំនួនច្រើនលើសលប់មែនប៉ុន្តែវាបានឆ្លុះបញ្ចាំងពីទឹកចិត្តអាណិតស្រលាញ់តារាចម្រៀងសំនៀងថ្នម និងជាមនុស្សដែលមានអត្តចរិកស្លូតបូតសុភាពរាបសារស្គាល់ចាស់ទុំ និងមានទំនួលខុសត្រូវចំពោះការងារ ហើយបើទោះបីជាមួយរយៈនេះលោកខកខានក្នុងការបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ និងតាមក្រុមវង់តន្ត្រីនានានោះក៏ដោយ។តាមការបញ្ជាក់ដោយខ្លីមកកាន់អ្នកសារព័ត៌មានរបស់យើងតារាចម្រៀងរូបនេះបញ្ជាក់ថាស្ថានភាពរបស់លោកនៅមិនទាន់ប្រសើរច្រើននៅឡើយគឺនៅបន្តតាមដានសុខភាព ហើយបញ្ហាជំងឺកៀបសសៃបេះដូង និងអាលាក់ហ្សីច្រមុះធ្ងន់ធ្ងរធ្វើឲ្យលោកពិបាកដកដង្ហើម និងធ្វើទុក្ខត្រង់ផ្នែកបេះដូង។
សិល្បករដែលបានជួយផ្តល់ជាថវិការ និងកម្លាំងចិត្តទៅកាន់តារាចម្រៀងរូបនេះមានដូចជាតារាចម្រៀង អ្នកនាង សួន ចន្ថា អ្នកគ្រប់គ្រងវង់តន្ត្រីលោក អេឡិច ចន្ត្រា ម្ចាស់ហាងលក់សម្លៀកបំពាក់វ៉ានធូហ្វេសសិន ក្រុមតន្ត្រីករ មិត្តរួមអាជីព និងអ្នកជិតដិតមួយចំនួនទៀត៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print