ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យ២នាក់ ឈ្មោះ សូ សំឡូត នឹង បុរសម្នាក់ទៀត ដែលជាមេល្បែងសុីសងដ៏ធំ លេងបៀ ជាច្រើនវង់ ខុសច្បាប់ នៅខណ្ឌសែនសុខ ទាន់កាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។
សូមរំលឹកថា ទីតាំងឃ្លាំងមួយកន្លែងដែលបើកលេងល្បែងស៊ីសងខុសច្បាប់ដ៏ធំ ហើយត្រូវកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបនោះគឺគេស្គាល់ឈ្មោះមេល្បែងហើយ គឺឈ្មោះ សូ សំឡូត ដែលតែងតែបើកល្បែងស៊ីសងខុសច្បាប់ ដោយបើកលេងបៀជាច្រើនវង់ ចល័តពីកន្លែងមួយទៅកន្លែងមួយតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទាប់ផងដែរ ប៉ុន្តែមិនដឹងថា ហេតុអ្វីបានជាមេល្បែងដ៏ធំរូបនេះនៅតែព្រហើនបើកល្បែងសុីសងជាបន្តបន្ទាប់មិនខ្លាចញញើតច្បាប់បន្តិចសោះយ៉ាងហ្នឹង ?
ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបឃ្លាំងមួយកន្លែងដែលមេល្បែងដ៏ធំឈ្មោះ សូ សំឡូត លួចបើកជាវង់បៀដ៏ធំស្ថិតនៅក្នុងឃ្លាំងមួយកន្លែងតាមផ្លូវបេតុង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
បើតាមប្រភពព័ត៌មានពីអ្នកជិតខាងឃ្លាំងមួយនេះបានបង្ហើបឱ្យអ្នកសារព័ត៌មានដឹង ថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនេះ គឺទីតាំងមួយនេះតែងតែមានមនុស្សចេញចូលជាច្រើន និងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានណាឡើយ ។
ទើបតែនៅថ្ងៃទី១៥ ខែធ្នូនេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបជាទ្រង់ទ្រាយធំ ដោយឃាត់បានមេល្បែងឈ្មោះ សូ សំឡូត រួម បុរសម្នាក់ទៀតមិនបញ្ជាក់ឈ្មោះ នៅក្នុងទីតាំងល្បែងនេះ និងអ្នកពាក់ព័ន្ធជាង៣០នាក់ផ្សេងទៀត ។
បច្ចុប្បន្ន មេល្បែងឈ្មោះ សូ សំឡូត និង បុរសម្នាក់ទៀតកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ ។
ចំណែកមនុស្សពាក់ព័ន្ធជាង៣០នាក់នោះ ត្រូវបានធ្វើការផាកពិន័យ នឹង ធ្វើការណែនាំបន្ថែម រួចឲ្យត្រឡប់ទៅផ្ទះវិញ៕
ដោយ៖ រ៉ារ៉ា