ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចចេញសាលក្រមឃុំខ្លួនដាក់ពន្ធនាគារ ទៅលើមេល្បែងស៊ីសង២ នាក់ ដើម្បីរង់ចាំការកាត់ទោសលើអង្គសេចក្តី ។
ជនជាប់ចោទឈ្មោះ សូ សំឡូត ហៅ ឆាយ ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរ អ្នករកស៊ី មានទីលំនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នឹងម្នាក់ឈ្មោះ ហេង វុទ្ធី ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្តកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកង រាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួ លផ្ទាល់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការឆែកឆេរ នឹងបង្ក្រាបជាក់ស្តែង នៅទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ស្ថិតនៅឃ្លាំងលេខ៥២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ កិច្ចបង្ក្រាបនោះសមត្តកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សជាក់ស្តែងចំនួន៣៧ នាក់ (ប្រុស១៣ នាក់ ស្ត្រី២៤ នាក់) ព្រមទាំងចាប់យកវត្ថុតាងមួយចំនួនដកហូតនៅកន្លែងកើតហេតុដូចមាន ៖
១.បៀរលេងរួចនឹងមិនទាន់លេងជាច្រើនហ៊ូរ
២.កម្រាលក្រាលលេងបៀរ៥
៣.ខ្នើយសម្រាប់អង្គុយចំនួន២៤
៤.ធុងដែក២ មានប្រាក់ចំនួន២លានរៀល
៥.ម៉ូតូ២គ្រឿង
៦.ម៉ូតូកង់បី១គ្រឿង ។
ចំណែករថយន្តម៉ាកឡង់គ្រីស័រ សេរីទំនើប១គ្រឿង ទូរស័ព្ទដៃ១គ្រឿង នឹងPower Bank ១គ្រឿងជារបស់ឈ្មោះ សូ សំឡូត ហៅ ឆាយ នឹងទូរស័ព្ទ២គ្រឿងទៀតជារបស់ឈ្មោះ ហេង វុទ្ទី ក៏ត្រូវបានសមត្តកិច្ចដកហូត ។ មនុស្សទាំង៣៧ នាក់នោះ ត្រូវបានសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំទៅសាក សួរ នឹងក្រោយពីសាកសួរដោយមានការអនុញ្ញាតិពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង មនុស្ស៣៥ នាក់ ប្រុស១១ ស្ត្រី២៤ នាក់ ត្រូវបានធ្វើការអប់រំ រួចអនុញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយតម្រូវឲ្យធ្វើកិច្ចសន្យាចូលបង្ហាញខ្លួនតាមការកំណត់គ្រប់ពេលវេលានៅពេលតុលាការកោះហៅ ។ ដោយឡែកចំពោះមនុស្ស២នាក់ ដែលជាមេបើកល្បែងស៊ីសងខុសច្បាប់ មានឈ្មោះ សូ សំឡូត ហៅឆាយ នឹងឈ្មោះ ហេង វុទ្ធី ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ នេះ ដែលសំណុំរឿងនោះក៏បានស្ថិតនៅលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងទទួលបើកការស៊ើបសួរដដែល ។ ក្រោយ
បើកការស៊ើបសួរតំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ អ្នកបើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំង២នាក់ជាផ្លូវការ នឹងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ទើបសំណុំរឿងត្រូវបានចៅ ក្រមស៊ើបសួរគឺលោក សាន្ត ប៊ុនធឿន បើកសវនាការជំនុំជម្រះផ្ទាល់ ដោយបានសម្រេចឃុំខ្លួនមេល្បែងស៊ីសងខុសច្បាប់ទាំង២ នាក់ តាមអំណាចសាលក្រម ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការកាត់ទោសលើអង្គសេចក្តី ៕
ដោយ៖ រ៉ារ៉ា