ស្ថានទូតចិននៅកម្ពុជា​៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន កើនឡើងដល់១០,៩៨០លានដុល្លារ សម្រេចមុនផែនការឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ បើតាមការប្រកាសព័ត៌មានរបស់ស្ថានទូតចិន​ ប្រចាំព្រះរាជាណាចក្រកម្ពុជា​ តាមរយៈផេក Facebook ផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ​២០២១​ បានឱ្យដឹងថា​ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន បានដល់ទឹកប្រាក់១០,៩៨០លានដុល្លារហើយ នៅរយៈពេល១០ ខែឆ្នាំ២០២១នេះ​ គឺសម្រេចមុនផែនការ ដែលមេដឹកនាំនៃប្រទេសទាំង២ បានប្តេជ្ញាជំរុញរួមគ្នាឲ្យសម្រេចនៅក្នុងឆ្នាំ២០២៣។

ជាក់ស្ដែង​ Facebook ផ្លូវការរបស់ស្ថានទូតចិន​ បានបញ្ជាក់ថា៖ «កាលពីថ្ងៃទី១៧ខែធ្នូ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា មានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួន ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ កាលពីមុនបានប្តេជ្ញាថានឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិក នៅឆ្នាំ២០២៣»។

សូមជម្រាបថា​ ទំនិញកម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារចិន រួមមាន៖ អង្ករ ចំណិតដំឡូងក្រៀម ស្វាយស្រស់ និងគ្រាប់ស្វាយចន្ទី និងទំនិញផ្សេងជាច្រើនមុខទៀត។ ចំណែក​ទំនិញនាំចូលពីចិនមកវិញ មានដូចជា៖ គ្រឿងអេឡិចត្រូនិច គ្រឿងបរិភោគកែច្នៃ ជាដើម -ល-។

គួរបញ្ជាក់ថា​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២២ខាងមុខនេះ ដែលរំពឹងថានឹងជំរុញឲ្យមានសកម្មភាពពាណិជ្ជកម្ម និងវិនិយោគកាន់តែកើនឡើងថែមទៀត។​ គួររម្លឹកផងដែរថា​ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន កាលពីឆ្នាំ២០២០កន្លងទៅ​ សម្រេចបានសរុបចំនួន ៨,១១៨.០៧លានដុល្លារអាមេរិក ធ្លាក់ចុះ៥.២ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន៨,៥៦៣.៣១លានដុល្លារ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print