ភ្នំពេញ៖ នាវេលាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យរៀបចំព្រះរាជពិធីលៀងសាយភោជនជាផ្លូវរដ្ឋប្រោសព្រះរាជទានជាកិច្ចស្វាគមន៍ដ៏កក់ក្តៅជូន លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រះរាជដំណាក់សិរីមង្គល ព្រះបរមរាជវាំង ក្នុងឱកាសដ៏ឧត្តុង្គឧត្តមដែល លោក អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ។
លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរទស្សនៈកិច្ចនៅកម្ពុជាចាប់ពី២១-២២ខែធ្នូ ឆ្នាំ២០២១ លោកបានចូលក្រាបបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ចើញដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ នាព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង។
នៅនារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ដដែល វេលាម៉ោង ១៥:៤៥ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែល លោក ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកសម្ដេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០៧ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ រួមមាន:
១- ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
២- ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម។
៣- កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
៤- កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម។
៥- អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២០២៥។
៦- អនុស្សារណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៧- ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម។
សូមបញ្ជាក់ថា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លោកប្រធានរដ្ឋវៀតណាមអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មី រដ្ឋសភា ដែលជាជំនួយរដ្ឋាភិបាលវៀតណាម!
ក្នុងកំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។
បន្ទាប់ពីជំនួបសម្តែងការគួរសមរួចហើយ សម្តេចប្រធានរដ្ឋសភានិង លោកប្រធានរដ្ឋ បានអញ្ជើញជាអធិបតីភាពរួមគ្នានៅក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម នៅក្នុងបរិវេណវិមានរដ្ឋសភាផងដែរ៕
ដោយ៖សុខ ខេមរា