បញ្ជូនជនសង្ស័យ២នាក់ទៅកាន់តុលាការ ពាក់ព័ន្ធករណីគំរាមកំហែងជំរិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានបើកការស៊ើបសួរ លើសុំណុំរឿង របស់ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគំរាមកំហែងជំរិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក បន្ទាប់ពីត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន រួចបញ្ជូនទៅកាន់តុលាការ។

សូមរំលឹកថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦ និង ៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគំរាមកំហែងជំរិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក (ប្រាំមួយរយដុល្លារអាមេរិក) ជាថ្នូរទៅនឹងការមិនចុះផ្សាយព័ត៌មាន។ ចំណែកជនរងគ្រោះឈ្មោះ នាក់ គន្ធា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អ្នកគ្រប់គ្រងហាងកាហ្វេ V88 ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនរួមាន១- ឈ្មោះ ឆុំ ដានី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ចាងហ្វាងគេហទំព័រ កងមាស ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឺងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ២- ឈ្មោះ អ៊ុន ចាន់ថា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ចាងហ្វាងគេហទំព័រ រស្មីក្រុងតាខ្មៅ-ញ៉ូវ ស្នាក់នៅផ្ទះលេខ១១០ ផ្លូវលេខ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង ប្រាក់ដុល្លារចំនួន ៦០០ដុល្លារអាមេរិក។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើការស៊ើបសួរ រងចាំការចោទប្រកាន់ បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេច ឃុំខ្លួន ឬ ឲ្យនៅក្រៅឃុំ៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print