ភ្នំពេញ៖ លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូនេះថា , កិច្ចព្រមព្រៀងផ្តល់កូតាថ្មី ៤សែនតោន ត្រូវបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយការនាំចេញអនុវត្តចាប់ពីខែធ្នូតទៅ ដែលត្រូវបានកំណត់រយៈពេលជាក់លាក់១៧ខែ។
សូមបញ្ជាក់ថា, ដោយការអនុវត្តមានរយៈពេល ១៧ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២១នេះតទៅ ក្រសួងពាណិជ្ជកម្មកម្ពុជា និងភាគីប្រទេសចិន បានចុះកិច្ចព្រមព្រៀងលើកូតានាំចេញអង្ករថ្មី ក្នុងបរិមាណន ៤០ម៉ឺនតោន
លោកលន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់បន្តទៀតថា , កិច្ចព្រមព្រៀងលើកូតានាំចេញអង្ករថ្មីរបស់កម្ពុជាទៅប្រទេសចិន នេះធ្វើឡើងបន្ទាប់កម្ពុជា បានសម្រេចនាំចេញអង្ករ៤០ម៉ឺនតោន នៅក្នុងកូតានាំចេញអង្ករចាស់។ ការទទួលបានកូតាថ្មីនេះ នឹងធ្វើឱ្យកម្ពុជា បង្កើនការនាំចេញអង្ករកាន់តែច្រើនទៅទីផ្សារអន្តរជាតិ។
លោក លន់ យ៉េង បន្ដថា “បរិមាណពីមួយឆ្នាំទៅមួយឆ្នាំ មានកំណើនឡើង ទោះស្ថានភាពដូចឆ្នាំនេះ ពិបាកដឹកជញ្ជូន យើងនៅតែដំណើរការនាំចេញទៅចិន មានកំណើន១២ភាគរយ។ ឆ្នាំក្រោយ ២០២២ ខ្ញុំគិតថា អាចល្អជាងមុនទៅទៀត ហើយកូតាថ្មី៤០ម៉ឺន យើងគិតថាអនុវត្តបានលឿនជាងអ្វី១៧ខែ”។
ចិនផ្តល់កូតានាំចូលអង្ករកម្ពុជា លើកដំបូងចំនួន១សែនតោន នៅឆ្នាំ២០១៤, លើកទី២ ចំនួន១សែនតោនដដែល នៅ ឆ្នាំ២០១៥, លើកទី៣ ចំនួន២សែនតោន នៅឆ្នាំ២០១៦, លើកទី៤ ចំនួន៣សែនតោន នៅឆ្នាំ២០១៨, លើកទី៥ ចំនួន៤សែនតោន នៅឆ្នាំ២០១៩ និងលើកទី៦ ចំនួន៤សែនតោន នៅខែវិច្ឆិកា ឆ្នាំ២០២១។
មិត្តដែកថែបចិនបានក្លាយជាទីផ្សារដ៏សំខាន់ សម្រាប់ការនាំចេញអង្កររបស់កម្ពុជា។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនជាប់លេខ១ ជាប្រទេសទិញអង្ករពីកម្ពុជា ច្រើនជាងគេ។ ពិសេសប្រទេសចិនបានជួយកម្ពុជា នូវសមិទ្ធផលជាច្រើន មួយរយៈចុងក្រោយនេះ។
សូមជម្រាបជូនថា, នៅរយៈពេល១១ខែឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៣២ ១៧៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣៦៦ ៤១៤៧៩០ ដុល្លារ។
ប្រទេសចិនជាប្រទេសដែលកម្ពុជា បាននាំអង្ករទៅច្រើនជាងគេដែលមានចំនួន២៥.៦ម៉ឺនតោន ស្មើនឹង៤៩.៨៥% នៃការនាំចេញសរុប ដែលមានកំណើនកើនឡើងចំនួន១២.៩០ភាគរយ។
បើតាមស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា, ទំហំពាណិជ្ជកម្មទ្វេភាគីចិននិងកម្ពុជាមានចំនួនលើសពី១ម៉ឺនលានដុល្លារអាមេរិក
កាលពីថ្ងៃទី១៧ខែធ្នូ កន្លងទៅ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពីមុនបានប្តេជ្ញាថានឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៣៕