ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃប្រុស.ស្រី ចំនួន២៥នាក់ ត្រូវសមត្ថកិច្ចកបញ្ជូនទៅប្រទេសរបស់
ខ្លួនវិញ កាលរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោយរកឃើញថា ពួកគេទាំងអស់បានចាញ់បោកមេខ្យល់លួចឆ្លងដែនមកស្នាក់នៅធ្វើការអនឡាញក្នុងកាស៊ីណូក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថាការប្រគល់ជនជាតិថៃទាំងអស់នោះ បានធ្វើឡើងនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅច្រកអន្តរជាតិប៉ោយប៉ែតឈមនិងខ្លងលឹកក្បែរផ្សាររោងក្លឿប្រទេសថៃ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរ: ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពីកម្លាំងនគរបាលការិយាល័យសេីបអង្កេត និងអនុវត្តន៍នីតិវិធី កម្លាំងអធិការដ្ឋានក្រុង ប៉ោយប៉ែត និងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១និងកងកម្លាំងសមត្ថកិច្ចថៃជាច្រើនរួបផងដែរ។
លោកឧត្តមសេនីយ៍ត្រី អេង លីហួរ បានមានប្រសាសន៍ថា ជនជាតិថៃប្រុសស្រីទាំង២៥នាក់ ស្រី១១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងអាគារជួលមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខាងកើតជាប់បុរីសានហូរ ស្ថិតនៅក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្រោយសមត្ថកិច្ចរកឃើញថា ពួកគេលួចឆ្លងដែនមកស្នាក់នៅនិងធ្វើការខុសច្បាប់៕
សួមរំលឹកថាៈករណីជនជាតិថៃឆ្លងដែនតាមរយៈមេខ្យល់មកធ្វើការក្នុងប្រទេសកម្ពុជា ត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនឲ្យត្រឡប់ទៅប្រទេសរបស់ខ្លួនវិញជាច្រើនក្នុងអំឡុងដើមខែវិច្ឆកានិងដើមខែធ្នូឆ្នាំ
២០២១នេះ៕
ដោយ៖ វណ្ណា