លោក យី វាសនា៖ ការប្រកួតជើងឯកអត្តពលកម្មប៉ារ៉ាឡាំពិកឆ្នាំនេះកម្រិតសមត្ថភាពយុវជនមានគុណភាពល្អ

ចែករំលែក៖

ភ្នំពេញ៖ តាមរយៈផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា, ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាអត្តពលកម្មប៉ារ៉ាឡាំពិក ប្រចាំឆ្នាំ២០២១ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែធ្នូ ត្រូវបានលោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបានវាយតម្លៃថា អត្តពលិកកីឡាជនពិការវ័យក្មេង ដែលចូលរួមប្រកួតប្រជែងមានគុណភាពសមត្ថភាពល្អ ដោយដណ្តើមជ័យលាភីជំនួសតំណែងកីឡាករចាស់ៗ។
លោកអគ្គលេខាធិការបន្ថែមថា តាមរយៈការប្រកួតនេះ អត្តពលិកឆ្នើមៗ ដែលប្រជែងបានជ័យលាភីនឹងក្លាយជាអត្តពលិកសក្តានុពលរបស់កម្ពុជា ត្រៀមខ្លួនដណ្តើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក យី វាសនា ក៏បានអំពាវនាវឲ្យកីឡាករ កីឡាការិនីជនពិការ ដែលគិតថាខ្លួនមានសមត្ថភាព អាចដាក់ពាក្យចូលរួមប្រកួតជ្រើសរើសជើងឯកលើប្រភេទកីឡាផ្សេងៗ ដែលគ្រោងរៀបចំនាពេលខាងមុខជាបន្តបន្ទាប់ទៀត ដើម្បីឲ្យក្លាយខ្លួនទៅជាកីឡាករ កីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ២លើកចុងក្រោយត្រូវបានលុបចោល កាលពីឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងឆ្នាំ២០២២ ខាងមុខ នៅប្រទេសវៀតណាម។
សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ អត្តពលកម្មប៉ារ៉ាឡាំពិក ឆ្នាំ២០២១ មានអត្តពលិកចូលរួមប្រកួតចំនួន ៦០នាក់ ដោយប្រកួតលើ ២០វិញ្ញាសា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print