ភ្នំពេញ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៧ បញ្ចប់នៅខែកក្កដា ឆ្នាំ២០២០ មានកម្ពស់ ៣៥ជាន់ (ដោយមិនគិតជាន់ក្រោមដី២ជាន់) កម្ពស់ ១២០ម៉ែត្រ មានបណ្តោយប្រវែង ៥៤ម៉ែត្រ ទទឹងប្រវែងជាង ២៦ម៉ែត្រ។ អគារនេះត្រូវបានរៀបចំឡើងដោយបានចែកចេញជាផ្នែកជាច្រើន សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រី និងការផ្តល់សេវា។ អគារនេះ មានចំណត ៨ជាន់ (រួមទាំងជាន់ក្រោមដី២ជាន់) អាចចតរថយន្តបាន ១៤២គ្រឿង និងទោចក្រយានយន្ត ១០២គ្រឿង បញ្ជរព័ត៌មាន (ជាន់ទី១) ច្រកចេញ-ចូលតែមួយ (ជាន់ទី៦) សាលប្រជុំ និងបន្ទប់ប្រជុំ សាលប្រជុំធំ២ សម្រាប់ផ្ទុកអ្នកចូលរួម ១៩៨នាក់ និងសម្រាប់ ១២៨នាក់ និងបន្ទប់ប្រជុំតូចមួយចំនួន ការិយាល័យ ២៣ជាន់ ការិយាល័យអគ្គនាយក បន្ទប់ទទួលភ្ញៀវ ការិយាល័យអគ្គនាយករង ការិយាល័យថ្នាក់ដឹកនាំនាយកដ្ឋាន និងការិយាល័យមន្រ្តី អាហារដ្ឋាន (ជាន់ទី២០) ក្លឹបហាត់ប្រាណ ស្ទីម និងសោណា (ជាន់ទី៣១) ស្កាយបារ (ជាន់ទី៣៣ និង៣៤)។ នៅព្រឹកនេះ ក្រៅតែពីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលហើយនោះ នៅក្នុងកម្មវិធីថ្ងៃស្អែកនេះ ក៏ភ្ជាប់ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាជាតិគយ និងអគារសារមន្ទីរគយផងដែរ។
គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់ (Live) ពិធីនេះ នៅម៉ោង៧:៣០នាទីព្រឹក៕