ចិនបិទទីក្រុងមានពលរដ្ឋ១៣លាននាក់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

ចែករំលែក៖

 មន្ត្រីរដ្ឋាភិបាលទីក្រុងស៊ីអាន ខេត្ត សានស៊ី (Shaanxi )ប្រទេសចិនបានសម្រេចបិទទីក្រុងដែលមានពលរដ្ឋរហូតដល់ទៅ១៣លាននាក់ ក្រោយរកឃើញករណីឆ្លងកូវីដ-១៩នៅក្នុងសហគមន៍។ សារព័ត៌មានរ៉យទ័របានផ្សាយថា ទីក្រុង Xi’an នៅក្នុងខេត្ត Shaanxi នៅថ្ងៃទី២២ ខែធ្នូ បានសម្រេចបិទទីក្រុងទាំងមូលដោយស្នើដល់ពលរដ្ឋទាំង ១៣លាននាក់ស្នាក់នៅក្នុងផ្ទះដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ តាមការលើកឡើងរបស់មន្ត្រីទីក្រុង ស៊ីអាន ចាប់ពីម៉ោង ០ ថ្ងៃទី២៣ខែធ្នូ ពលរដ្ឋនៅក្នុងទីក្រុងនេះត្រូវតែស្នាក់ក្នុងផ្ទះ លើកលែងតែមានបញ្ហាបន្ទាន់។ គ្រួសារនីមួយៗ គឺឱ្យមនុស្សម្នាក់ចេញទៅក្រៅក្នុងមួយថ្ងៃដើម្បីទិញសម្ភារ ស្បៀងអាហារចាំបាច់។ ជាមួយគ្នានេះមន្ត្រីរដ្ឋាភិបាលបានស្នើដល់ពលរដ្ឋមិនត្រូវចាកចេញពីទីក្រុងឡើយបើមិនមានការចាំបាច់។ ចំពោះអ្នកដែលចង់ចេញពីទីក្រុងគឺត្រូវតែផ្តល់ភស្តុតាងច្បាស់លាស់ ហើយដាក់ពាក្យស្នើសុំចេញពីក្រុង។ ទន្ទឹមនឹងការអនុវត្តច្បាប់តឹងតែង នេះ អាជ្ញាធរក្រុងក៏ចាប់ផ្តើមធ្វើតេស្តដល់ពលរដ្ឋ១៣លាននាក់ដែរ ។ នៅក្នុងទីក្រុងស៊ីអាន កាលពីថ្ងៃទី២២ខែធ្នូ មានពលរដ្ឋ៥២នាក់បានឆ្លងរាលដាលកូវីដ-១៩ ធ្វើឱ្យចំនួនអ្នកឆ្លងគិតត្រឹមពីថ្ងៃទី៩ខែធ្នូ មកទល់ពេលនេះកើនឡើង ១៤៣នាក់៕ ដោយសាធី
រូបថត៖BLOOMBERG


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print