ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង នៅថ្ងៃទី២៤ខែធ្នូ បានប្រកាសថា អតីតប្រធានាធិបតីលោកស្រី Park Geun Hye ដែលកំពុងតែជាប់ឃុំដោយសារតែប្រព្រឹត្តអំពើពុករលួយនោះ ពេលនេះទទួលបានការលើកលែងទោសហើយ។ សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Park Beom Kye ដែលបានប្រកាសនៅក្នុងសន្និសីទកាសែតថា «យើងបានអនុញ្ញាតឱ្យអតីតប្រធានាធិបតី Park Geun Hye ឆ្លងផុតអតីតកាលដែលគួរឱ្យសោកស្តាយរបស់លោកស្រីហើយ។ ទាំងនោះគឺដើម្បីសាមគ្គីជាតិសាសន៍ និងផ្តល់ឱកាសដើម្បីអនាគតរបស់គាត់»។ ការសម្រេចលើកលែងទោសឱ្យអតីតប្រធានាធិបតីនេះកើតឡើងក្រោយពេលក្រុមអ្នកនយោបាយ មកពីគណបក្សប្រឆាំង និងក្រុមអ្នកគាំទ្របានអំពាវនាវឱ្យលើកលែងទោសដល់អតីតប្រធានាធិបតី Park Geun Hye មុនពេលបោះឆ្នោតប្រធានាធិបតីនៅខែមីនាឆ្នាំ២០២២។ កាលពីខែមករា តុលាការជាន់ខ្ពស់កូរ៉េខាងត្បូង បានរក្សាទោសជាប់គុក២០ឆ្នាំដល់អតីតប្រធានាធិបតី Park Geun Hye ពីបទពុករលួយ ទទួលសំណូក ។ ប៉ុន្តែតុលាការក៏បានបើកផ្លូវពីការលើកលែងទោសដល់លោកស្រីផងដែរ។ លោកស្រី Park Geun Hye បានក្លាយជាប្រធានាធិបតីស្រីដំបូងបង្អស់របស់កូរ៉េខាងត្បូងនៅឆ្នាំ២០១៣ ។ លោកស្រីត្រូវបានដកហូតតំណែងដោយសារតែរួមគំនិតជាមួយមនុស្សជំនិតទទួលសំណូកបានប្រាក់រាប់ពាន់លានវុនពីក្រុមហ៊ុនធំៗ។ លោកស្រី Park Geun Hye អាយុ៦៩ឆ្នាំ ត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី៣១ខែមករាឆ្នាំ ២០១៧ ៕ ដោយសាធី
រូបថត៖Reuters.