គួរឱ្យអាសូរណាស់! ស្លាប់ប្រពន្ធប្តីរងរបួសដោយសាររថយន្តបើកកៀររុឺម៉កខណៈកំពុងធ្វើដំណើរតាមផ្លូវយកត្រីទៅលក់

ចែករំលែក៖

ភ្នំពេញ៖ ជាគ្រោះថ្នាក់ដែលនឹកស្មានមិនដល់ ព្រោះតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះធ្វើឱ្យគ្រួសារមួយបាត់បង់សមាជិកគួរឱ្យតក់ស្លុតបំផុតនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា ប្តី​ប្រពន្ធ​ដឹក​ត្រី​គ្រប់​ប្រភេទ​តាម​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ចេញពីផ្សារព្រែកព្នៅ​ក្នុង​គោលបំណង​យក​ទៅ​លក់​នៅ​ផ្សារ​ច្បារអំពៅ​ ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាកមួយគ្រឿង​​បើកកៀរ បណ្តាល​ឱ្យធ្លាក់ប្រពន្ធ​ពីលើ​រុឺម៉ក​ដួល​បែកក្បាល​ស្លាប់ភ្លាមៗ ចំណែក​ប្តី​រង​របួសស្រាល ហើយ រថយន្តបង្កហេតុបានបើកគេចបាត់ទៅ ។​

​ហេតុការណ៍​​ខាងលើនេះបានកើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ​ខែធ្នូ ឆ្នាំ​២០២១ ​នៅតាម​បណ្តោយ​​ផ្លូវ​លេខ៥៩៨ កែង​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ​រាជធានីភ្នំពេញ ។

​ស្ត្រី​រង​គ្រោះ​ត្រូវបានគេស្គាល់ឈ្មោះ ស្រី ចិន អាយុ​២៧​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ព្រៃ​ល្វា ខណ្ឌ​ព្រែក​ព្នៅ ​​រាជធានីភ្នំពេញ ​ចំណែកបុរសជាប្តីមិនស្គាល់ឈ្មោះនោះទេ ។

​តាម​ប្រភព​ពី​ជន​រង​គ្រោះជា​ប្តី​បាន​ប្រាប់​ឱ្យ​​ដឹង​ថា មុនពេល​​កើតហេតុ​ គាត់​និង​ប្រពន្ធបាន​ដឹក​ត្រី​តាម​រុឺម៉កម៉ូតូ​ចេញពី​ផ្សារ​ព្រែក​ព្នៅ ​ក្នុង​គោលបំណង​យក​ទៅ​លក់​នៅ​ផ្សារ​ច្បារ​អំពៅ ខណៈ​គាត់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូងមក​ដល់​កន្លែង​កើតហេតុ​ក៏​បត់​ស្តាំ​ចូល​ផ្លូវ​លេខ៥៩៨ ភ្លាម​ៗ​នោះក៏​​
វាក់អឺគ្នា​ជាមួយ​នឹង​រថយន្ត​ដឹក​ទំនិញ​មួយគ្រឿង​​មិន​ចាំ​ម៉ាក​ដែល​​ធ្វើ​ដំណើរ​ចេញពី​ផ្លូវ​លេខ៥៩៨ បញ្ច្រាសទិស​ដៅ​គ្នា​គាត់​ក៏​ប្រឹង​ងាក​ចង្កូត​គេច​​អែបមក​ខាង​​ឆ្វេង​ដៃ​​ដែរ តែ​មិន​ផុតក៏​ត្រូវ​​រថយន្ត​នោះ​កៀរ​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យរុឺម៉កម៉ូតូ​ខ្ទាត​ទៅ​កៀនធ្លាក់​ប្រពន្ធ​ពីលើ​រុឺម៉ក​ដួល​បែកក្បាល​ស្លាប់​ភ្លាម​ៗ ចំណែក​គាត់​ជា​អ្នក​បើក​រុឺម៉កម៉ូតូ​រង​របួសស្រាល ។ ​ដោយឡែក​ម៉ូតូ​សណ្តោង​រុឺម៉ករងការ​​ខូចខាត​មួយ​កំណាត់​មុខ។ បន្ទាប់​ពី​បង្កហេតុ​ រថយន្ដ​បង្ក​មិន​ឈប់​ទទួលខុសត្រូវ​នោះ​ទេ បាន​បន្ថែម​ល្បឿន​បើក​គេច​​តាម​ផ្លូវជាតិ​លេខ៥ សំដៅ​ទៅ​ខណ្ឌ​ព្រែក​ព្នៅ​បាត់​ស្រមោលទៅ ។
ក្រោយ​កើតហេតុ​ សពស្ត្រីរងគ្រោះ​​ត្រូវ​បានសមត្ថកិច្ច​ធ្វើ​ឯកសារ​បញ្ជាក់ និង​ប្រគល់​ឱ្យសាច់ញាតិ​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែកបុរសជាប្តី​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​ជំនាញ និង​ប្រគល់​រុឺម៉ក​ម៉ូតូ​ឱ្យសមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​កា​រិ​យាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print