ខេត្តបន្ទាយមានជ័យ ÷ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកដោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត .និងលោក លាង ណារិទ្ធិ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានអញ្ជើញចុះដឹកនាំប្រធានមន្ទីរ អង្គភាព មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ស្នងការនគរបាល ស្នងការរង មន្ត្រីរាជការខេត្ត ក្រុង ស្រុក យុវជន ចុះដាំដើមឈើឡើងវិញ នៅតំបន់៣ នៃភូមិសាស្ត្រ ឃុំប្រាសាទ ភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
មន្រ្តីរដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាទីតាំងនេះជាផ្ទៃដីជាប់ព្រៃលិចទឹក បឹងទន្លេសាប ដែលត្រូវកំណត់យកមកជាដីរដ្ឋវិញ គឺដាំតាមបង្គោល តម្រុយនៃព្រំប្រទល់ ដីព្រៃលិចទឹកតំបន់ ៣ នៅចំណុចរហាល សំណាបបង្គោល 365 , ចំណុច កូនគោកបង្គោល 364 និងចំណុចខាងលិច ឈៀងខាងជើង កូនគោកបង្គោល 363 ។
នេះជាការចុះដាំលើកទី២ ក្រោយពីបានចុះវាស់វែង កំណត់បង្គោលព្រំដែនដី តំបន់៣ ឡើងវិញ តាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងស្តារឡើងវិញ នូវធនធានធម្មជាតិ ក្នុងផ្ទៃបឹងទន្លេសាប។
ប្រភពដដែលបានឲ្យដឹងទៀតថា
នៅក្នុងការបើកយុទ្ធនាការ ដាំកូនឈើឡើងវិញនេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ការដាំកូនឈើឡើងវិញ នៅថ្ងៃនេះ គឺដើម្បី បង្ហាញពីការចូលរួមទាំងអស់គ្នា ក្នុងការចូលរួម ទប់ស្កាត់ការកាប់ទន្ទ្រាន ខុសច្បាប់ ដីតំបន់ ៣ ដីព្រៃលិចទឹកបឹងទន្លេសាប ហើយយើងមិនមែនដាំ តែពេលនេះទេ គឺស្រុកពីរ ដែលរងការកាប់ទន្ទ្រាន ខុសច្បាប់ គឺ ស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី ត្រូវបន្តដាំបន្ថែមទៀត។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ទាំងក្រុមការងារខេត្ត ទទួលបន្ទុកស្រុក និងអាជ្ញាស្រុកសាមី ត្រូវទទួលខុសត្រូវ ក្នុងការដាំ និងថែទាំដើមឈើទាំងអស់នេះបន្ត។
ប្រភពបន្តថា ការដាំឈើជាលើកទី២ បានធ្វើជារៀងរាល់ ចុងសប្តាហ៍។ ដោយឡែកក្នុងយុទ្ធនាការ លើកទី២ ថ្ងៃនេះ មានអ្នកចូលរួមពីមន្ទីរ អង្គភាព ក្រុង/ស្រុក មហាជន យុវជន សរុប ៧៥៣នាក់។ ឯដើមឈើដែលត្រូវដាំ មាន បួន ប្រភេទៈ ១.ដើមរាំងទឹក ចំនួន ១.៥៨០ ដើម , ២.ដើមឫស្សី ១.៤៥០ ដើម៣.ដើមរំដេញ ៧០០ ដើម និង ៤.គ្រាប់ត្នោត ចំនួន ៧៦០ គ្រាប់។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ យុទ្ធនារការលើកទី១ រដ្ឋបាលខេត្ត និងអន្តរក្រសួង បានដឹកនាំមន្រ្តីរាជការស៊ីវិល កងកម្លាំង យុវជនសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.) ទៅដាំកូនឈើចម្រុះ (ដើមឫស្សី រាំងទឹកត្នោត) ចំនួន ៤.១៦០ ដើម / គ្រាប់ នៅតាមព្រំប្រទល់ ដីព្រៃលិចទឹក តំបន់៣ បឹងទន្លេសាប ចំណុច គោកខ្សាច់ ភូមិបត់ត្រង់ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួចហើយដែរ៕