ភ្នំពេញ ÷ បុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូសយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្ត២គ្រឿងទៀត ធ្វើដំណើរនៅពីខាងមុខ បណ្តាលឲ្យរងការខូចខាតសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីម៉ោង ១០និង២០នាទីយប់ថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្ត ២ គ្រឿងធ្វើដំណើរ តាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅស្របគ្នាពីត្បូងមកជើង មួយគ្រឿងម៉ាកតូយ៉ូតា RAV4ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2I-5426 និងមួយគ្រឿងទៀតម៉ាក ford ranger ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BO-5657 បើកដល់ចំណុចជិតមន្ទីរពេទ្យព្រះអង្គឌួង ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌សបានដោះផ្លាកចេញ បើកបរស្របទិសគ្នា
យ៉ាងលឿន បានជ្រុលទៅបុកពីក្រោយរថយន្ត ford rander រួចរថយន្ត ford ranger បន្តទៅបុកពីក្រោយរថយន្ត RAV4 បណ្តាលឲ្យរថយន្តទាំងពីររងការខូចខាតចំណែករថយន្តបង្ក ខ្ទេចមួយកំណាត់មុខ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ឱ្យភាគីទាំងសងខាង សម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កព្រមចេញសំណង ក្នុងការជួសជុលរថយន្ត ២គ្រឿង ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕
ដោយ៖ ជ្រោយពេជ្រ