អន្តរជាតិ៖ កាលពីសប្តាហ៍មុននេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអុីន (Moon Jae-in) បានសម្រេចផ្តល់ការលើកលែងទោសពិសេសមួយ ដល់លោកស្រី Park Geun-hye ដោយយោងលើមូលហេតុចម្បងៗចំនួន២ នោះគឺលោកស្រីកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងដើម្បីជាសញ្ញាបង្ហាញអំពីការរួបរួមជាតិ ខណៈការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីកូរ៉េខាងត្បូងអាណត្តិថ្មី នឹងឈានចូលមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ បានផ្សាយថា អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ (Park Geun-hye) ត្រូវបានអាជ្ញាធរកំណត់ឱ្យធ្វើការដោះលែងចេញពីពន្ធនាគារនៅវេលាពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍នេះតែម្តង (ម៉ោងនៅទីក្រុងសេអ៊ូល) តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកស្រីទទួលបានការលើកលែងទោសពីរដ្ឋាភិបាល។ លោកស្រី ផាក គឺនហេ ដែលបច្ចុប្បន្នមានវ័យ៦៩ឆ្នាំ ត្រូវបានគេដឹងថា កំពុងជាប់ពន្ធនាគារជាមួយនឹងជំងឺប្រចាំកាយធ្ងន់ធ្ងរ។ លោកស្រី ផាក បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានទម្លាក់ចេញពីតំណែងពេលកំពុងកាន់អំណាចកាលពីឆ្នាំ២០១៧ ដោយតុលាការធម្មនុញ្ញ ជុំវិញរឿងអាស្រូវពុករលួយ និងការគុបគិតគ្នាជាមួយមនុស្សជំនិតក្នុងការទទួលបានប្រាក់មូលនិធិរាប់លានដុល្លារពីក្រុមហ៊ុនធំៗក្នុងប្រទេស ដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារខ្លួនឯង។ កាលពីខែមករា ដើមឆ្នាំ២០២១ តុលាការកំពូលកូរ៉េខាងត្បូងបានទម្លាក់ចោលនូវការផ្ទន្ទាទោសលោកស្រី ផាក ដាក់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទពុករលួយ និងបានផ្តល់ឱកាសជាលើកដំបូងឱ្យលោកស្រីបញ្ចប់ដំណើរការតតាំងតាមផ្លូវច្បាប់ ដែលកាលណោះត្រូវបានគេមើលឃើញថា លោកស្រីអាចនឹងទទួលបានការលើកលែងទោស៕ ដោយសាធី
រូបថត៖TTXVN-VNA.