ភ្នំពេញ : នៅរសៀលថ្ងៃទី ០១ ខែមករា ឆ្នាំ២០២២ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមធ្វើវិធានសុខាភិបាលជូនលោកគ្រូអ្នកគ្រូដែលចូលរួមដំណើរការកំណែវិញ្ញាសារប្រលងមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលនានាក្នុងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា,ការចុះត្រួតពិនិត្យមើលការធ្វើតេស្តសំណាកគណៈមេប្រយោគកំណែនៅ មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ នៅតាមមណ្ឌលកំណែនានានៅរាជធានីភ្នំពេញ មានការធ្វើតេស្តសំណាកកូវីដ-១៩ មុនការរៀបចំកិច្ចប្រជុំណែនាំបច្ចេកទេសដល់សមាជិកគណមេប្រយោគកំណែ ត្រៀមដំណើរការកំណែការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមការជួយរៀបចំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) និងក្រុមគ្រូពេទ្យប្រចាំការរបស់មន្ទីរសុខាភិបាលរាជធានី។
ក្នុងអំឡុងពេលធ្វើតេស្តនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនតេជោ (TYDA) បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការធ្វើតេស្តសំណាកជូនដល់គណៈមេប្រយោគកំណែ ដើម្បីធានាឲ្យបាននូវសុវត្តិភាព សុខភាព ជូនដល់សមាជិកក្រុមគណៈមេប្រយោគកំណែ សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅដោយភាពរលូន។ ទន្ទឹមគ្នានេះក្រុមការងារក៏បានចុះត្រួតពិនិត្យមើលដំណើរការមុនពេលកំណែ លើការបំពេញកាតព្វកិច្ចការងាររបស់គណៈកម្មការមុខវិជ្ជាផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិតក៏បានថ្លែងអំណរគុណដល់លោកជំទាវ ពេជ ចន្ទមុន្នី ដែលបានជួយគាំទ្រសហការយ៉ាងស្អិតរមួតដើម្បីធានាបាននូវដំណើរការប្រឡងប្រកបដោយប្រសិទ្ធភាព សុវត្តិភាព៕
ដោយ : សិលា