ខេត្តកណ្តាល៖ បើយោងតាមប្រភពព័ត៌មានពីកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ១ខ្នង នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែមករា ឆ្នាំ២០២២នេះ បានទទួលជំនួយសង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំក្រុមប្រតិបតិ្តសាខា ចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន ១គ្រួសារ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល ។
ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនរងគ្រោះ លោក ទៀង សុគន្ធ ក្នុងនាមលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករឭកបំផុត ព្រមទាំងបានចូលរួមរំលែកនូវការសោកស្តាយពន់ពេកជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ។
លោកនាយកសាខាបានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងបានយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខប្រជាពលរដ្ឋទូទៅដោយគ្មានការរើសអើង ពូជសាសន៍ សាសនា ប្រពៃណី ឬ និន្នាការនយោបាយអ្វីឡើយ ។
ជំនួយសង្គោះបានផ្តល់ជូនរួមមាន ៖ អង្ករ ៥០គឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ប្រេងឆា ១ដប ,ម៉ាស ១ប្រអប់ ,អាល់កុល ១ដប ,សាប៊ូ ១ដុំ អាវរងា ១ ,ភួយ ១ និងថវិកាចំនួន ៤០ម៉ឺនរៀល ៕ដោយ៖សហការី