ដើម្បីជួយដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច បារាំងបានសម្រេចកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក ដល់អ្នកដែលបានឆ្លងកូវីដ១៩ ពី ១០ ថ្ងៃមកដល់ត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បារាំង លោក Olivier Veran បានបញ្ជាក់ថា ពេលវេលាធ្វើចត្តាឡីស័កដល់អ្នកដែលធ្វើតេស្តអវិជ្ជមានកូវីដ១៩ នឹងបន្ថយនៅត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ ។
ការបន្ធូរបន្ថយវិធានការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយនេះតទៅ ដើម្បីកាត់បន្ថយផលប៉ះពាល់លើសង្គម និងសេដ្ឋកិច្ច។
ចំណែកឯ អ្នកចាក់វ៉ាក់សាំងគ្រប់ដូសដែលបាន ប៉ះពាល់ ឬមានទំនាក់ទំនងជាមួយអ្នកឆ្លង COVID-19 នឹងមិនត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ ប៉ុន្តែពួកគេត្រូវគោរពតាម និងអនុវត្តវិធានការបង្ការការពារនានា និងទទួលការធ្វើតេស្ដជាប្រចាំ តាមការកំណត់ផងដែរ។
គិតត្រឹមថ្ងៃអាទិត្យនេះ នៅក្នុងប្រទេសបារាំង អ្នកឆ្លង COVID-19 ត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ ខណៈអ្នកដែលប៉ះពាល់ជាមួយ អ្នកឆ្លងត្រូវធ្វើចត្តាឡីស័កមួយអាទិត្យ ហើយការធ្វើចត្តាឡីស័កនេះទៀតសោតអាចនឹងមានរយៈពេល ១៧ថ្ងៃឯណោះ នៅក្នុងករណីមនុស្សមួយគ្រួសារណាមួយ ឆ្លងជំងឺនេះ៕
ដោយ៖សាធី
រូបថត៖Reuters.