ព្រឹកស្អែក ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវតភ្ជាប់ព្រះសីហនុ-កោះកុង

ចែករំលែក៖

ខេត្តកោះកុង ៖ កម្ពុជាអភិវឌ្ឍន៍មិនឈប់ឈរ, ស្វាគមន៍ទំព័រថ្មីនៃឆ្នាំ២០២២ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង។

សូមបញ្ជាក់ថា, លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារជំនាញបច្ចេកទេសចុះពិនិត្យការត្រៀមរៀបចំពិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ នៅថ្ងៃអាទិត្យ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ខេត្តកោះកុង។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញបច្ចេកទេសចុះពិនិត្យការត្រៀមរៀបចំពិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្នុងគោលបំណងដើម្បីធានាឱ្យដំណើរការកម្មវិធីនេះអាចប្រព្រឹត្តឡើងបានយ៉ាងរលូនតាមផែនការដែលបានគ្រោងទុក។

សូមជម្រាបជូនថា៖ ពិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងសាងសង់ផ្លូវនេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះរួមមាន៖ ផ្លូវពីរគន្លងមានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ ផ្លូវ ៤គន្លងមានប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី១៨,៥ ម៉ែត្រដល់ ២១,៥ម៉ែត្រ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print