ខេត្តស្ទឹងត្រែង: ដោយសារការធ្វេសប្រហែស ដោយប្រើឧបករណ៍ខុសច្បាប់ ឆក់ត្រីធ្វើឲ្យបុរសម្នាក់ប្រកាច់ស្លាប់ភ្លាមៗ គ្មានអ្នកណាដឹងព្រោះតែលួចឆក់ត្រី បែជាភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់គ្មានអ្នកណាដឹង ហេតុការនេះកើតឡើងនៅយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ស្ថិតក្នុងភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
នេះបើតាមរបាយការណ៍អធិការដ្ឋានស្រុកសេសាន បានឲ្យដឹងថា: កម្លាំងជំនាញនៃអធិការដ្ឋាននគបាលស្រុកសេសាន បានសហការជាមួយពេទ្យមណ្ឌលសុខភាពកំភុន ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសាមឃួយ ជំទប់ទី២ឃុំសាមឃួយ លោកមេភូមិស្រែតាប៉ាន បានចុះពិនិត្យសាកសព ដោយទទួលបាន ការអនុញ្ញាតពីលោកជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាតំបូង នៅវេលាម៉ោង១០:៣៨នាទី បានអនុញ្ញាតឲ្យពិនិត្យសាកសពជនរងគ្រោះខាងលើ
-ការពិនិត្យសពដោយភ្នែកទទេ ពេលថ្ងៃមេឃស្រឡះល្អ
-សពមានការប្រែប្រួលពីសភាពដើម ដោយបងប្អូនស្រង់មកតម្កល់លើផ្ទះ សពមានសភាពរឹង រាល់សរីរាង្គនៃសពពុំមានស្លាក ស្នាមមុតដាច់រដោចនោះទេ ក្បាល ធ្មេញ អណ្ដាត ច្រមុះ ត្រចៀក ភ្នែក នៅល្អទាំងអស់ ហើយមានស្នាមឆេះត្រង់ចំណុចគល់ចង្កេះខាងស្ដាំ មានស្នាមឆេះរបកត្រង់កំភួនដៃស្ដាំ និងឆេះរបកត្រង់កដៃស្ដាំជាស្នាមឆក់ចរន្តភ្លើងអាគុយ។ បើតាមការបំភ្លឺរបស់ឈ្មោះសុខ ថែ ភេទប្រុសអាយុ៣៣ឆ្នាំ ត្រូវជាបងប្រុសបង្កើតរបស់សព បានបញ្ចាក់ថា, នៅវេលាល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅចំណុចចម្ការដូង ភូមិស្ដៅ១ ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ពួកគេបានហូបបាយជុំគ្នាជាមួយក្រុមគ្រួសារ នៅចម្ការ លុះដល់ដល់ម៉ោង២០ ប្អូនឈ្មោះ សុខ ហូត បានប្រាប់ថាទៅដោតនុយសន្ទូច គាត់ក៏បានចូលដេកទៅ លុះម៉ោង២រំលោងអាធ្រាត្រ គាត់បានក្រោកឡើង ម៉ែបានដើរមកប្រាប់ថាមិនឃើញប្អូនមកវិញទេ គេក៏បានចុះទូកទៅមើលសន្ទូចនិងតាមរកប្អូនមិនឃើញ រហូតដល់ម៉ោង០៤ទាបភ្លឺ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ក៏បានឃើញពន្លឺភ្លើងគូមភ្លឺបញ្ចាំងឡើងលើ បានបើកទូកទៅមើល ឃើញប្អូនឈ្មោះសុខ ហូត បានដេកស្លាប់នៅជាប់ច្រាំងទន្លេចំណុចថ្មដា ស្ថិតក្នុងភូមិឃុំស្ដៅ ដោយអាគុយ និងក្បាលឆក់នៅលើទូក ចំណែកដងឆក់ ត្រូវបានគៀបជាប់នឹងក្លៀកខាងស្ដាំ ជើងសងខាងនៅក្នុងទឹក ដងខ្លួនដេកផ្ងារ នៅលើគោកច្រាំងទន្លេ រួចក៏បានដកយកភ្លើងអាគុយចេញ ហើយលើកដាក់លើទូក ដោយមានការភ័យខ្លាច អាគុយ និងក្បាលឆក់ត្រូវបានបោះចោលក្នុងទឹកទន្លេបាត់។ ហើយដឹកសពប្អូនមកភូមិស្រែតាប៉ានវិញ។
ការសន្និដ្ឋានរបស់សមត្ថកិច្ច អាជ្ញាធរ គ្រូពេទ្យជំនាញ ក្រោយការត្រួតពិនិត្យសាកសព និងយោបល់លោកគ្រូពេទ្យ ថង សំបូរ សាកសពបានស្លាប់នោះដោយសារ ឆក់ចរន្ដភ្លើងអាគុយស្លាប់(បណ្ដាលមកពីការធ្វេសប្រហែស) គ្មានពាក់ព័ន្ធនឹងបទល្មើសអ្វីទេ។
ដោយទទួលបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង នៅវេលាម៉ោង១១,៣៧នាទី ថ្ងៃដដែល បានអនុញ្ញាតឲ្យសមត្ថកិច្ចនិងមន្ត្រីជំនាញប្រគល់សាកសពជូន ទៅក្រុមគ្រួសារ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ ដោយ:មាស សុផាត