តោះ​! មកស្គាល់ពីភ្នំ៥៣ គោលដៅទេសចរណ៍ថ្មីលើដីខេត្តបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃចន្ទ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២២​ បានឱ្យដឹងថា​៖ ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថាជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏ល្បីល្បាញមួយរបស់កម្ពុជា ក្នុងនោះតំបន់ភ្នំ៥៣ នៃស្រុកភ្នំព្រឹក ក៏ជារមណីយដ្ឋានដ៏ទាក់ទាញមួយមិនចាញ់តំបន់ទេសចរណ៍ដទៃដែរ។

ដើម្បីបានទៅដល់រមណីយដ្ឋានមួយនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរឡើងតាមជ្រលងភ្នំសន្សឹមៗ ចូលទៅកាន់វិមានគិរីដ៏ខ្ពស់ស្កឹមស្កៃ អមដោយចម្ការដំណាំច្រើនដេរដាសនៅសងខាងផ្លូវ។ មិនយូរប៉ុន្មាន យើងនឹងបានទៅដល់ទីចុងបំផុតនៃតំបន់ភ្នំ៥៣ ដែលជាទីគយគន់ទេសភាពដ៏ស្រស់ត្រកាល។

សម្លឹងពីលើភ្នំ ភ្ញៀវទេសចរយើងនឹងបានឃើញធម្មជាតិបៃតងលើផែនពសុធា លាយឡំស្រទាប់ពពកតូចធំអណ្ដែតលើផ្ទៃអាកាស​។ បន្ទាប់មក យើងក៏អាចចុះតាមជណ្ដើរទៅកាន់កន្លែងទឹកធ្លាក់មួយ ដែលគេហៅឈ្មោះថា ទឹកធ្លាក់ភ្នំ៥៣។

លើសពីនេះទៀត ភ្ញៀវទេសចរក៏អាចទៅទស្សនាល្អាងភ្នំមួយដែលមានជម្រៅប្រមាណ ៧០ ម៉ែត្រចុះទៅក្រោម ខណៈម្ចាស់រមណីយដ្ឋានបានប្រាប់ថា ទីនោះជាកន្លែងសមាធិរបស់លោកយាយលោកតាអ្នកកាន់សីល ហើយភ្ញៀវទេសចរយើងក៏អាចឈៀងចូលទៅមើលបានដែរ។

ដោយឡែក​បើតាមមន្ត្រីយោធាដែលប្រចាំការការពារព្រំដែននៅទីនោះ បានឱ្យដឹងថា ភ្នំ៥៣នេះ គឺធ្លាប់ជាតំបន់យុទ្ធសាស្ត្ររបស់កងទ័ពខ្មែរក្រហម ដែលហៅឈ្មោះ ៥៣ ជាពាក្យសម្គាល់និងសម្ងាតរបស់ពួកគេ ទើបទីនោះជាប់ឈ្មោះថាភ្នំ៥៣រហូតដល់ពេលបច្ចុប្បន្ន។

ការបោះតង់សម្រាកនៅរមណីយដ្ឋាននេះ ក៏ជាចំណាប់អារម្មណ៍ពិសេសមួយផងដែរ ដោយនៅពេលសូរិយារៀបអស្ដង្គត យើងក៏អាចបង្កើតកម្មវិធីសប្បាយៗ ដូចជា ការដុតពោតដុតដំឡូង ទទួលទានអាហារជុំក្បែរភ្នក់ភ្លើង និងកម្មវិធីកម្សាន្តជាច្រើនសម្បូរបែបទៀត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print