ខេត្តក្រចេះ ៖ យោងតាមប្រភពពី ៖ រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ លោក វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងជម្រុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសសម្រាប់អ្នកខកខាន និងដូសជម្រុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង និងការចាក់វ៉ាក់សាំងដូសជម្រុញទី៣ ជូនកុមារអាយុ១២ ដល់ក្រោម១៨ ក្នុងភូមិសាស្រ្តខេត្តក្រចេះ។
លោក វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា ៖ រាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំតែងតែគិតគូរខ្ពស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ពិសេសពេលបច្ចុប្បន្នការខិតខំប្រឹងប្រែង ជម្នៈគ្រប់ឧបសគ្គ ការពារទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ-១៩ មិនឲ្យបំផ្លាញសុខភាព និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈនៃការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ទិសទីទាំងអស់ ទៅតាមដូសនីមួយៗ។ ហើយនាពេលនេះសម្តេចតេជោ បានសម្រេចឲ្យមានការឧបត្ថម្ភគាំទ្រដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ប្រភេទក្រ១ក្រ២បន្តទៀត នៅក្នុងយុទ្ធនាការប្រយុទ្ធកូវីដ-១៩នេះ។
លោក មានប្រសាសន៍បន្តថា ៖ យុទ្ធនាការចាក់វ៉ាសាំងទៅតាមដូសពេលនេះ គឺដើម្បីបន្ថែមប្រព័ន្ធការពារពីជំងឺកូវីដ-១៩បម្លែងថ្មី ដែលមានឈ្មោះថា អូមីក្រុង និងដើម្បីឲ្យដំណើរការចូលរៀនឆ្នាំសិក្សាថ្មីរបស់សិស្ស និងគ្រូ ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តក្នុងការបង្រៀន និងទំនុកចិត្តពីអាណាព្យាបាល។ អ្វីកាន់តែពិសេសនោះ រាជរដ្ឋាភិបាល នឹងផ្តល់វ៉ាក់សាំងដូសជម្រុញទី៤ ទៅតាមបណ្តាខេត្តដើម្បីចាក់ជូនមន្រ្តីរាជការទាំងអស់ ដើម្បីបន្ថែមប្រព័ន្ធការពារក្នុងការបំពេញតួនាទីភារកិច្ចជាអ្នកផ្តល់និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានជម្រុញដល់មន្រ្តីស្រុកក្រុងទាំងអស់ សូមជួយពិនិត្យផ្សព្វផ្សាយដល់មូលដ្ឋានប្រជាពលរដ្ឋ ឲ្យចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស ហើយត្រូវធ្វើផែនការថ្មីសម្រាប់យុទ្ធនាការនេះ ហើយកងកម្លាំងទាំង៣ប្រភេទត្រូវចូលរួមសម្របសម្រួលសន្តិសុខ សណ្តាប់ធ្នាប់ និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យដែលកំពុងបម្រើការក្នុងយុទ្ធនាការចាក់វ៉ាក់សាំង៕