ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកបន្ទាប់ពីធ្វើតេស្តវិជ្ជមាន Covid-19

ចែករំលែក៖

កីឡាករ Lionel Messi គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាកររបស់ក្រុម Paris St-Germain ៤នាក់ដែលធ្វើតេស្តវិជ្ជមាន Covid-19។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ម្សិលមិញ។

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi និងមិត្តរួមក្រុម Juan Bernat, Nathan Bitumazala និង Sergio Rico ត្រូវបានបញ្ជាក់ថា មានវិជ្ជមាន Covid មួយថ្ងៃមុនពេលការប្រកួត French Cup របស់ PSG ជាមួយក្រុម Vannes ដែលជាក្រុមឈរនៅលីកលំដាប់ទី៤របស់បារាំង។

ក្លិបបានបញ្ជាក់ថា ខ្សែប្រយុទ្ធ Lionel Messi កំពុង​នៅ​ដាច់ដោយឡែកពីគេ និងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យជំនាញ។

គ្រូបង្វឹកក្រុម PSG លោក Mauricio Pochettino បាននិយាយថា Messi នៅតែស្ថិតក្នុងប្រទេសអាហ្សង់ទីន ជាកន្លែងដែលគាត់ចំណាយពេលសម្រាករដូវរងា ហើយនឹងមិនធ្វើដំណើររហូតដល់ការធ្វើតេស្តអវិជ្ជមាន។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃអាទិត្យ លោក Pochettino បាននិយាយថា គាត់មិនអាចកំណត់កាលបរិច្ឆេទនៃការត្រឡប់មកវិញរបស់ Messi បានទេ។ ការប្រកួតលីកដំបូងរបស់ក្រុម PSG ក្នុងឆ្នាំ២០២២ បន្ទាប់ពីសម្រាករដូវរងាររបស់ពួកគេគឺត្រូវប៉ះក្រុម Lyon នៅថ្ងៃអាទិត្យទី៩ ខែមករាខាងមុខនេះ។

ចំណែកខ្សែប្រយុទ្ធ Neymar នឹងខកខានការប្រកួតនោះ ខណៈដែលគាត់កំពុងបន្តតាមដានពីអាការរបួសកជើងនៅក្នុងប្រទេសប្រេស៊ីល។ ក្លិបបានអះអាងថា កីឡាករវ័យ២៩ឆ្នាំរូបនេះត្រូវបានគេរំពឹងថា នឹងត្រលប់មកហ្វឹកហាត់វិញក្នុងរយៈពេល៣សប្តាហ៍ទៀត ។

សូមជម្រាបថា ក្រុម PSG កំពុងឈរកំពូលតារាងក្នុងលីកកំពូលបារាំង Ligue 1 មាន៤៦ពិន្ទុ ក្នុង១៩ប្រកួត ខណៈក្រុមឈរលេខ២គឺ Nice មាន៣៣ពិន្ទុ ក្នុង១៩ប្រកួតដូចគ្នា។ ចំណែកក្រុមលេខ៣ Marseille មាន៣៣ពិន្ទុដែរ និងក្រុមលេខ៤
Rennes
​ និងលេខ៥ Montpellier មាន៣១ដូចគ្នា ៕

(រូបភាព ៖ BBC Sport)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print