ភ្នំពេញ : យោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ា តាមប្រព័ន្ធវិដេអូ Zoom ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីសំណាក់ អនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ្ញ៉ា ការផ្តល់គោរមងារឧកញ្ញ៉ា និងការដកហូតគោរមងារឧកញ្ញ៉ា ដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។
នាឱកាសនោះ លោក ប៊ុន ហុន ប្រធានក្រុមការងារអន្តរក្រសួង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រាវចំពោះ លោក លោកស្រី និងសមាជិកទាំងអស់ ដែលបានចូលរួមក្នុងអង្គប្រជុំនេះ ជាពិសេស បានផ្ដល់ធាតុចូលយ៉ាងល្អៗ ដើម្បីកែសម្រួលទៅតាមខ្លឹមសារ នៃសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោក រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអន្តរក្រសួង បានបន្ដថា បន្ទាប់ពីកិច្ចប្រជុំ និងពិភាក្សាគ្នានូវ សេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា រួចមក លោក នឹងគោរពរាយការណ៍ដ៏ខ្ពង់ខ្ពស់ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងផ្ដល់មតិដឹកនាំបន្ដដ៏ខ្ពង់ខ្ពស់។
សូមជម្រាបជូនថា ក្រុមការងារអន្តរក្រសួងនេះ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដើម្បីសិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា ការដកហូតគោរមងារឧកញ៉ា និងសិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលមានសមាសភាពចំនួន ១២រូប។ ក្នុងនោះមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងអនុប្រធានចំនួន ១រូប ព្រមទាំងសមាជិកចំនួន ១០រូបដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ក្រុមការងារនេះត្រូវសិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម ធ្វើការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន បម្រើឱ្យការរៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។
ជាមួយគ្នានេះដែរ ក្រុមការងារនេះត្រូវធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំរៀបចំឯកសារពាក់ព័ន្ធជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច ព្រមទាំងបំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់៕
ដោយ៖ សិលា