ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនមួយក្រុម ចុះទៅបង្ក្រាបគ្រឿងញៀន ធ្វេសប្រហែស ត្រូវបានជនសង្ស័យដណ្តើមបានអាវុធ បាញ់តដៃផ្អើលរត់ជាន់ជើងគ្នា ទាំងសមត្ថកិច្ច ទាំងពលរដ្ឋមិនដឹងអ្វី បណ្តាលឲ្យរងរបួសមនុស្ស២នាក់។
ហេតុការណ៍ផ្ទុះអាវុធខាងលើ បានកើតឡើង កាលពីវេលាម៉ោង៩និង៥៥នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅក្នុងតំបន់សម្បុកគ្រឿងញៀន ក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋរងគ្រោះដោយគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ទាំង២នាក់ ទី១ ឈ្មោះ ទេព សាវឿន ហៅយាយវិត ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅកន្លែងកើតហេតុ របួសត្រូវស្មាស្តាំ ។ ទី២ ឈ្មោះ វ៉ា ចាន់សេរីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកេីតហេតុកម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀនមួយក្រុមបានចុះទៅបង្ក្រាបគ្រឿងញៀន នៅចំណុចខាងលើ ខណៈកំពុងឃ្លាំមេីលជនសង្ស័យធ្វេសប្រហែស ត្រូវបានជនសង្ស័យគ្រឿងញៀនម្នាក់ឈ្មោះ ជីវ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ តដៃដណ្តើមកាំភ្លើងពីដៃសមត្ថកិច្ច បាញ់លើសមត្ថកិច្ច និងបាញ់តាមផ្លូវ បណ្តាលឲ្យត្រូវចំទ្វារដែកធ្លាយ របួសស្ត្រីម្នាក់កំពុងនៅក្នុងផ្ទះ និងត្រូវចំក្មេងស្រីម្នាក់កំពុងអង្គុយនៅមុខផ្ទះ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដណ្តើមយកកាំភ្លើងបានវិញ ។
ពលរដ្ឋបន្តទៀតថា ក្រោយពីចាប់ខ្លួនជនសង្ស័យ ដណ្តើមយកកាំភ្លើងបានវិញ សមត្ថកិច្ចនាំឡើងរថយន្ត នាំគ្នាបើកយកចេញទៅអស់ បន្សល់ទុកតែប្រជាពលរដ្ឋរងរបួស២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅពេទ្យរៀងខ្លួន ស្ត្រីចំណាស់ ដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកនារីរងគ្រោះត្រូវបានដឹកតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។
ហេតុការណ៍ផ្ទុះអាវុធបណ្តាលឲ្យមានអ្នករងរបួស២នាក់ សមត្ថកិច្ចមូលដ្ឋានបានចុះទៅសាកសួរ ដល់ទីតាំងកើតហេតុ រួចបន្តទៅតាមសាកសួរជនរងគ្រោះនៅមន្ទីរពេទ្យ ចំណែកកម្លាំងដែលចុះទៅបង្ក្រាបគ្រឿងញៀន ក្រោយពីឃាត់បានជនសង្ស័យ និងដណ្តើមយកអាវុធបានវិញ
ឡើងជិះរថយន្តបើកចាកចេញទៅបាត់ ៕
ដោយ៖សុខាសែនជ័យ