កីឡាកររបស់ក្លិប Barcelona គឺ Ferran Torres និង Pedri បានធ្វើតេស្តវិជ្ជមាន COVID-19 កាលពីថ្ងៃចន្ទដែលជាករណីចុងក្រោយបង្អស់ដែលត្រូវបានបញ្ជាក់ដោយក្លិបនៅថ្ងៃអង្គារនេះ បន្ទាប់ពីការផ្ទុះឡើងនៅក្លិបក្នុងលីកកំពូលអេស្ប៉ាញ La Liga ។
ក្លិប Barcelona បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា “កីឡាករក្រុមដំបូង Pedri និង Ferran Torres បានធ្វើតេស្តវិជ្ជមាន COVID-19 ។ កីឡាករទាំង២នេះមានសុខភាពល្អ និងកំពុងនៅដាច់ដោយឡែកពីគេនៅផ្ទះរបស់ខ្លួន ហើយក្លិបបានរាយការណ៍ករណីនេះទៅអាជ្ញាធរពាក់ព័ន្ធហើយ” ។
ក្រុម Barcelona បានយកឈ្នះក្រុម Mallorca ក្នុងលទ្ធផល ១-០ ក្នុងលីកកំពូលអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ដែលពួកគេបាត់កីឡាករ១៤នាក់ ក្នុងនោះមាន៨នាក់ឆ្លងជំងឺ COVID-19 មានដូចជា កីឡាករ Sergino Dest, Philippe Coutinho, Ez Abde, Jordi Alba, Alex Balde, Ousmane Dembele, Gavi និង Dani Alves ។
ចំណែកកីឡាករ Samuel Umtiti និង Clement Lenglet ក៏បានធ្វើតេស្តវិជ្ជមានក្នុងកាលពីសប្តាហ៍មុនដែរ ប៉ុន្តែត្រូវបានជាសះស្បើយបន្ទាប់ពីការធ្វើតេស្តចុងក្រោយរបស់ពួកគេកាលពីចុងសប្តាហ៍គឺព្រឹកថ្ងៃអាទិត្យ។
ក្របខ័ណ្ឌកំពូលអេស្ប៉ាញ La Liga បានបញ្ជាក់ថា យ៉ាងហោចណាស់៩០ករណីនៃការឆ្លងជំងឺ COVID-19 ក្នុងចំណោមកីឡាករ និងបុគ្គលិកគ្រូបង្វឹកកាលពីសប្តាហ៍មុន ខណៈដែលប្រទេសអេស្ប៉ាញបានកត់ត្រាករណីឆ្លងថ្មីចំនួន៣៧២,០០០ចាប់តាំងពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
សូមបញ្ជាក់ថា ក្រុម Barcelona នឹងប្រកួតជាមួយក្រុម Linares Deportivo ដែលកំពុងលេងនៅលីកលំដាប់ទី៣នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធក្នុងការប្រកួតជម្រុះពានរង្វាន់ Spanish Cup ជុំទី៣២ ហើយត្រឡប់ទៅប្រកួតនៅក្របខ័ណ្ឌ La Liga ជាមួយក្រុម Granada នៅថ្ងៃសៅរ៍។ បច្ចុប្បន្នក្រុម Barcelona កំពុងឈរលេខ៥នៅលីកកំពូលអេស្ប៉ាញមាន៣១ពិន្ទុ ក្នុង១៩ប្រកួតកន្លងមក ៕ (រូបភាព ៖ channelnewsasia.com)