ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីបុរសម្នាក់ខឹងប្រពន្ធរត់ចោលបានទិញសាំងយកមកដុតអីវ៉ាន់ខ្លួនឯងនៅមុខបន្ទប់ជួល ត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះទៅឃាត់ខ្លួនយកទៅសួរនាំកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅបន្ទប់ជួលជាន់ទី៣ ស្ថិតក្នុងភូមិចម្ការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសខាងលើឈ្មោះ សុត ភក្តី អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ចំណែកប្រពន្ធមានស្រុកកំណើតនៅខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីបុរសខាងលើបានឱ្យដឹងថា ដោយសារតែខ្លួនតូចចិត្តនឹងប្រពន្ធរត់ចោលអស់រយៈពេល៣ថ្ងៃហើយនោះ ទើបខ្លួនសង្ស័យថានាងមានប្រុសថ្មី ខ្លួនក៏បានផឹកស្រាបៀរអស់៤កំប៉ុង។ លុះពេលទៅដល់បន្ទប់ជួល ខ្លួនបានទិញសាំងចំនួនកន្លះលីត្រដើម្បីយកមកដុតអីវ៉ាន់នៅខាងមុខបន្ទប់ជួលជាន់ទី៣ ។ មុននឹងខ្លួនដុតអីវ៉ាន់នោះខ្លួនបានបើកទឹកដាក់ក្នុងធុងដើម្បីទុកពន្លត់។ ខណៈដែលភ្លើងឆាបឆេះខ្លាំង ខ្លួនបានយកទឹកមកពន្លត់ភ្លាមៗ និងរៀបចំអីវ៉ាន់មួយចំនួនចេញទៅស្រុកវិញទាំងយប់ ។ តែដោយសារតែមានការភិតភ័យខ្លាចឆេះរាលដាលដល់ផ្ទះជួលជាប់ៗគ្នាជុំវិញកន្លែងកើតហេតុ ទើបប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងលោកមេភូមិឱ្យចុះមកកន្លែងកើតហេតុ រួចក៏ឃាត់ខ្លួនភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បាននាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី១ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖សុខាសែនជ័យ