ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ពស២៥៦០នេះ ហាក់ធ្វើឲ្យមានការចាប់អារម្មណ៍មួយសម្រាប់សិល្បករ សិល្បការិនី ដោយក្នុងរយៈពេល៥ថ្ងៃ(១៣-១៧ ខែមេសាឆ្នាំ២០១៦)មានសិល្បករ៣នាក់បានបាត់បង់ជីវិតដោយ១ករណីស្លាប់ដោយជំងឺ ១ករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងមួយករណីទៀតស្លាប់ដោយភាពអាថ៌កំបាំង។ ការទទួលមរណភាពរបស់សិល្បករ សិល្បការិនី ទាំង៣នាក់នេះត្រូវបានអ្នកសិល្បករ ចាត់ទុកជាការបាត់បង់ធនធានមនុស្សយ៉ាងសំខាន់មួយលើវិស័យសិល្បៈកម្ររកបាន។
នៅយប់ថ្ងៃទី១៥ ខែមេសា អ្នកនាង ហួត សារ៉ាវឌី អាយុ៤៤ឆ្នាំ អតិតតារាចម្រៀង និងសម្តែងភាពសិចស៊ី ក្នុងទស្សវត្សឆ្នាំ៩០ បានស្លាប់ដោយអាថ៌កំបាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ខាងកើតស្ពានថ្ម ក្នុងភូមិ-ឃុំ បាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយខ្លះនិយាយថាដោយសារគ្រោះថ្នាក់ចរាចរណ៍ ឯខ្លះទៀតថាកើតឡើងដោយសារក្រុមក្មេងពាលមួយក្រុមពួនស្ទាក់វាយចាប់យកទៅរំលោភ រហូតបែកមុខមាត់និងដាច់ដោចសម្លៀកបំពាក់ គ្រាដែលនាងជិះម៉ូតូជាមួយបុរសម្នាក់(របួសធ្ងន់)ទៅលេងចូលឆ្នាំនៅស្រុកកំណើតក្បែរកន្លែងកើតហេតុ ។ ក្នុងករណីនេះទោះបីសមត្ថកិច្ចជំនាញអះអាងថាជាករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក៏ដោយក៏ក្រុមគ្រួសារសពនៅតែអះអាងតាមហ្វេសប៊ុកថា គឺជាអំពើឃាតកម្ម ព្រោះមុនពេលអ្នកនាង ហួត សារ៉ាវឌី ស្លាប់កូនរបស់នាងបានទទួលទូរស័ព្ទពីម្តាយស្រែកឲ្យគេជួយ ហើយក៏បាត់មាត់រហូត ។ ក្រុមគ្រួសារនាង ហួត សារ៉ាវឌី បានអំពាវនាវឲ្យសមត្ថកិច្ចស្រាវជ្រាវក្នុងករណីនេះឡើងវិញ។
នៅថ្ងៃទី១៦ខែមេសា លោក រាជ បុរី អាយុ ២៨ឆ្នាំ ជាអតិតអ្នកចម្រៀងក្នុងផលិតកម្មក្លាស៊ិក(Classic) បានទទួលមរណភាពដោយក្រឡាប់រថយន្តនៅក្រុងប៉ោយប៉ែត គ្រាដែលលោកធ្វើកំពុងធ្វើដំណើរទៅកម្សាន្តនៅទីនោះ ។ ករណីនេះធ្វើឲ្យមិត្តសិល្បករ សិល្បការិនី មានការសោកស្តាយយ៉ាងខ្លាំង។
ដោយឡែកអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតនោះគឺការទទួលមរណភាព ដោយជរាពាធ របស់កវីនិពន្ធជើងចាស់ លោក គង្គ ប៊ុនឈឿន ក្នុងជន្មាយុ ៧៧ឆ្នាំ នៅប្រទេសន័រវេស ។ លោក គង្គ ប៊ុនឈឿន ជាកវីដ៏ល្បីមា្នក់ ដែលមានរហស្សនាមថា កវីម្ចាស់ ស្ទឹងសង្កែកវី ។ លោកកើតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៣៩ នៅភូមិ-ឃុំ-ស្រុកចំការសំរោង ខេត្តបាត់ដំបង។ ឳពុក ឈ្មោះ គង់ ឈិន (ស្រុកកំណើតនៅខេត្តតាកែវ) ម្តាយឈ្មោះម៉រ ភីង(បាត់ដំបង)។
អំឡុងឆ្នាំ១៩៥៥ លោក គង្គ ប៊ុនឈឿន បានចូលប្រឡូក្នុងវិស័យសិល្បៈ តែងនិពន្ធ រហូតប្រឡងជាប់លេខមួយ ជាលើកដំបូង ក្នុងឱកាសមហាស្របអក្សរសិល៍មួយ នៅក្នុងខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៥៧ ក្នុងស្នាដៃឈ្មោះ ស្នេហារលុះអវសាន្ត។
លោក គង្គ ប៊ុនឈឿន ក៏ជាអ្នកសរសេរការសែត អ្នកនិពន្ធប្រលោមលោក ពាក្យរាយ កំណាព្យ ចម្រៀង សេណារិយ៉ូភាពយន្ត ជាអ្នកដឹកនាំសម្តែង អ្នកនិពន្ធបទភ្លេង ដ៏ល្បីឈ្មោះម្នាក់ ។ ក្រៅពីនេះលោកក៏ជាអ្នកគូរគំនូរអប់រំផងដែរ។
នៅឆ្នាំ២០០០ លោកជាអ្នកនិពន្ធជនជាតិខ្មែរទី២ បន្ចាប់ពីលោកពេជ្រ ជុំក្រវិល ដែលបានទទួលជ័យលាភី ស្នាដៃតែងនិពន្ធក្របខណ្ឌអាស៊ាន៕
ដោយ៖ ប្រាថ្នា