ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃអង្គារទី០៤ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថាសម្រាប់កម្ពុជា ចំណុចអាទិភាពស្នូលរបស់អាស៊ានក្នុងឆ្នាំ២០២២ គឺមានភាពច្បាស់លាស់៖ ជំរុញស្មារតី «រួបរួមគ្នា» ពីព្រោះនេះគឺជាកត្តាដ៏សំខាន់ដើម្បីរក្សា និងពង្រឹងមជ្ឈភាពរបស់អាស៊ាន និងសង្កត់ធ្ងន់លើវិធីសាស្ត្រផ្តោតសំខាន់លើសកម្មភាព ដើម្បីទាញយកអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនអាស៊ានទាំងអស់ លើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងនិងក្រៅតំបន់។ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងអស់នេះ វាទាមទារឱ្យមានសាមគ្គីភាពរវាងប្រទេសសមាជិកអាស៊ានទាំងដប់។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោក ប្រាក់ សុខុន បានថ្លែងបន្តថា ពិតណាស់ ការងារទូទៅរបស់យើងមិនមែនជារឿងថ្មីនោះទេ។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងព្យាយាមធានាឱ្យបាននូវការបន្តអនុវត្តគំនិតផ្តួចផ្តើម និងសមិទ្ធិផលដែលយើងបានកសាងហូរហែកន្លងមក។ បរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន និងភាពមិនច្បាស់លាស់កំពុងតែសាកល្បងភាពធន់របស់អាស៊ានម្តងទៀតហើយ។
ដូចនេះ យើងទាំងអស់គ្នាគួរតែបន្តប្រកាន់ខ្ជាប់នូវការអនុវត្តជាក់ស្តែង មានភាពអត់ធ្មត់ ក្នុងការធ្វើការជាមួយគ្នា ដើម្បីសម្រេចបាននូវចក្ខុវិស័យរួម សំដៅកសាងអនាគតមួយដែល ប្រកបដោយសន្តិភាព ភាពសុខដុមរមនា និងវិបុលភាព ខណៈដែលអាស៊ាននឹងប្រារព្ធខួបលើកទី៥៥ ក្នុងឆ្នាំនេះ៕ដោយ៖ស តារា